ភ្នំពេញ ៖ ជនសង្ស័យតរាយខ្សែភ្លើងចាប់ជាប់រុឺម៉កម៉ូតូ បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួចដឹកសាកសពក្មេងរងគ្រោះទៅបោះប្លុងចោល បន្តរត់គេចខ្លួន អស់រយៈពេល២ថ្ងៃ លុះនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ទាំង២នាក់ប្តីប្រពន្ធចូលខ្លួនសារភាព ហើយត្រូវបានសមត្ថកិច្ចនាំទៅតាមស្វែងរកសពក្មេងរងគ្រោះ ដែលបានដឹកយកទៅបោះប្លុងចោល ក្នុងព្រៃ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរលក់បន្លែ និងប្រពន្ធឈ្មោះ សោម ធូ អាយុ៥២ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្រោយពីនាំជនសង្ស័យទៅចង្អុលបង្ហាញ ចំណុចបោះប្លុងសពក្មេងរងគ្រោះហើយ សមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីដឹកយកមកធ្វើបុណ្យតាមប្រពៃណី នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រីឯជនសង្ស័យ២នាក់ប្តីប្រពន្ធ ក្រោយពីសារភាពរួច ត្រូវបានសមត្ថកិច្ចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.