ព្រះសីហនុ៖ ប្រជានេសាទ៣នាក់ត្រូវបានជួយសង្គ្រោះពីក្នុងសមុទ្រ បន្ទាប់ពីចេញទៅនេសាទ ហើយជួបភ្លៀងខ្យល់កន្រ្កាត់បោកបត់យ៉ាងខ្លាំង បណ្តាលឱ្យលិចទូកនៅចំនុចចន្លោះកោះថ្មី និងកោះសេះ កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ។

តាមសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឲ្យដឹងថា វេលាម៉ោងជាង៣រសៀល មានទូកនេសាទមួយគ្រឿងបានលិចក្នុងសមុទ្រចន្លោះកោះថ្មីនិងកោះសេះ ដោយសារជួបខ្យល់កន្ត្រាក់បក់បោក និងរលកខ្លាំង ហើយទូកដែលលិចនេះ ជាប្រភេទទូកអូស ពណ៌ត្រួយចេកចាស់ ប្រវែងបណ្តោយ ១២ម៉ែត្រ ប្រវែងទទឹង ២.៨ម៉ែត្រ ដោយនៅលើទូកនេសាទមានមនុស្សចំនួន ៣នាក់។

ជនរងគ្រោះទាំង០៣នាក់ ទី១ ឈ្មោះ ពេជ វី ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិរំពែង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាតៃកុងទូក។ ២.កូនដៃទូកឈ្មោះ យុិន ណិត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិស្នាំគូ ឃុំពងទឹក ស្រុកកំពុងត្រាច ខេត្តកំពត និងទី៣.កូនដៃទូកឈ្មោះ ទើប ផៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្កៅ ឃុំប្ញស្សីស្រុក ស្រុកកំពុងត្រាច ខេត្តកំពត ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅហេតុការណ៍នេះដែរ បណ្តាលឱ្យបាត់បង់សម្ភារៈនៅលើទូកដូចជា ទូរស័ព្ទចំនួន ៣គ្រឿង ,ផែនទីចំនួន១, តេអូរចំនួន១គ្រឿង, មងអូស១ដៃ, លុយមួយលានរៀល ។

បច្ចុប្បន្ន មនុស្សចំនួន ៣នាក់នៅលើទូកដែលបានលិច ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពហើយពីកម្លាំងនគរបាលការពារព្រំដែនទឹកប៉ុស្តិ៍កោះថ្មី និងកម្លាំងនគរបាលការពារព្រំដែនទឹកប៉ុស្តិ៍កោះសេះ ក្រោមបទបញ្ជាពីឯកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាំយកមកដីគោក ចំណែកឯទូកនិងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ កម្លាំងសមត្ថកិច្ចនឹងបន្តជួយស្រង់ឡើងមកវិញតាមការជាក់ស្តែង៕

អត្ថបទ៖ ឈុន គឹមហៃ

Share.