ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងបន្តចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាដាណា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្រោយចប់ពានរង្វាន់ Euro ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចេញផ្សាយរបស់ per Relevo។

ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo បច្ចុប្បន្នមានវ័យ៣៩ឆ្នាំ ទើបតែបំបែកកំណត់ត្រាថ្មីនៅព្រឹត្តិការណ៍ UEFA Euro ដោយក្លាយជាដំបូងគេដែលអាចបង្ហាញខ្លួន ៦ព្រឹត្តិការណ៍ផ្សេងគ្នានៅ Euro ពោលគឺឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០ និង ២០២៤។

ក្នុងពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងត្រូវជួបជើងខ្លាំងបារាំង នៅវគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Volksparkstadion។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ហូឡង់ ប៉ះ ទួរគី។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.