លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ នៅក្នុងសន្និសិទ នាព្រឹកថ្ងៃទី៣ ខែ កក្តដា ម្សិលមិញនេះថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន៨ប្រទេសចូលរួមប្រកួតប្រជែង។

លោកថា ៨ប្រទេសដែលចូលរួមនេះ រួមមានម្ចាស់ផ្ទះ កម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួម ដោយបែងចែកជាពីរពូល គឺពូល A និងពូល B តាមទម្រង់វិលជុំ ជាមួយនឹងការប្រកួតវាយឯកត្តជន ២ប្រកួត និងការប្រកួតវាយគូ ១ប្រកួត។ ប្រទេសដែលបានចំណាត់ថ្នាក់កំពូលនៃពូលនីមួយៗនឹងត្រូវបាន​ឡើងទៅលេងក្នុងក្រុមទី៣ នាឆ្នាំ២០២៥ខាងមុខ។

លោក ទេព រិទ្ធិវិទ្ធ បានគូសបញ្ជាក់ទៀតថា ពេលនេះ ក្នុងនាមជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរៀបចំការប្រកួតពានរង្វាន់ពិភពលោក នៃប្រភេទកីឡាវាយកូនបាល់ កម្រិត៤នេះ គឺកម្ពុជា បានត្រៀមខ្លួនបានរួចរាល់ ដើម្បីត្រៀមទទួលស្វាគមន៍ក្រុមប្រតិភូ អត្តពលិកមកពី៧ប្រទេសផ្សេងទៀត។ ចំពោះសមាសភាពកីឡាករជម្រើសជាតិកម្ពុជាក៏ត្រូវបានសហព័ន្ធជ្រើសរើសបានរួចរាល់ហើយដែរ ក្នុងចំនួន៥នាក់ ដោយមានកីឡាករ ប៊ុន កេន្នី, ទេព ទីម៉ូធី, ឡេង សារិនរាជ, ឃ្លាំង ពន្លក កីឡាករ Mathew Crusling។

លោក អគ្គលេខាធិការរូបនេះ បានបង្ហាញនូវជំនឿចិត្តថា ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា នឹងធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នឹងអាចដណ្តើមបានកៅអី កម្រិត៣ Davis Cup នាឆ្នាំ២០២៥ ខាងមុខជាក់ជាមិនខាន។

បើយោងតាមការបញ្ជាក់ពី លោក អគ្គលេខាធិការ គឺថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ 2024នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងអញ្ជើញចូលរួមជា គណៈអធិបតី ក្នុងពិធីបើកេជាផ្លូវការ។

សូមរំលឹកដដែរថា ប្រទេសកម្ពុជា បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Davis Cup Asia/Oceania Group IV កាលពីឆ្នាំ២០១២ នៅប្រទេសកាតា។ ការបង្ហាញខ្លួនលើកដំបូងរបស់កម្ពុជា ក្រុមនេះបានបង្កើតប្រវត្តិសាស្ត្រ ខណៈដែល កម្ពុជា បានយកឈ្នះលើការប្រកួតទាំងមូល ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត ដែលបានឡើងទៅប្រកួតក្នុងក្រុម៣ Asia/Oceania Group III នៅឆ្នាំ២០១៣ និងបានចូលរួមប្រកួតជាបន្តបន្ទាប់ ជារៀងរាល់ឆ្នាំ។ ពានរង្វាន់ Davis Cup ឆ្នាំនេះមានការឧបត្ថម្ភធំដោយធនាគារ ABA និង RMA Cambodia Plc និងសហការ ឧបត្ថម្ភដោយបណ្តាក្រុមហ៊ុនជាច្រើនទៀត៕ ប្រភព៖ NOCC

Share.