ម៉ានីល៖ យោងតាមការលើកឡើងរបស់ប្រមុខយោធារបស់ទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) ស្របតាមការពិគ្រោះយោបល់នាពេលថ្មីៗនេះ ដែលធ្វើឡើងរវាងមន្ត្រីចិន និងហ្វីលីពីន បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានណែនាំដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤។

ឧត្តមសេនីយ Romeo Brawner បានប្រាប់អ្នកយកព័ត៌មានថា យោធាបានបង្ហាញជូនប្រធានាធិបតីនូវជម្រើសជាច្រើនលើប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង រួមទាំងបេសកកម្មផ្គត់ផ្គង់អាវុធឡើងវិញជាប្រចាំដល់កងទ័ពនៅក្នុងដែនទឹកដែលមានជម្លោះ ដែលបានបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំង។

លោក Brawner បានបន្ដថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន ក៏នឹងសម្របសម្រួលជាមួយសមាជិកព្រឹទ្ធសភាម្នាក់ ដែលអះអាងថា មានចំណេះដឹងអំពីផែនការរបស់ចិន ក្នុងគោលដៅវាយប្រហារ ជាមួយនឹងមីស៊ីលលឿនជាងសំឡេង។

សូមជម្រាបថា ហ្វីលីពីន និងចិន ដែលជាគូប្រជែងដ៏យូរអង្វែងនៅតំបន់ផ្លូវទឹកជាយុទ្ធសាស្ត្រ បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ សម្រាប់តម្រូវការ «ស្តារទំនុកចិត្ត» និង «កសាងទំនុកចិត្តឡើងវិញ» បន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់មួយ៕

ប្រភព៖ CNA

Share.