តៃប៉ិ៖ ឆ្មាំសមុទ្ររបស់តៃវ៉ាន់បាននិយាយថា ក្រុមមន្ត្រីចិនបានឡើងជិះលើទូកនេសាទតៃវ៉ាន់ ដែលកំពុងប្រតិបត្តិការនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន ក្បែរកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ កាលពីល្ងាចថ្ងៃអង្គារ ហើយបន្ទាប់មកបានរឹបអូសទូកនេសាទនោះ ទៅកាន់កំពង់ផែរបស់ប្រទេសចិន ក្នុងគោលបំណងបង្កើនភាពតានតឹងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤។

ឆ្មាំសមុទ្ររបស់តៃវ៉ាន់បាននិយាយថា ទូកនេសាទមឹកនេះ បាននៅក្នុងតំបន់ផ្ទៃទឹកប្រទេសចិន ប៉ុន្ដែក៏នៅក្បែរតំបន់កោះ Kinmen ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់។

ជុំវិញបញ្ហានេះ ឆ្មាំសមុទ្របាននិយាយថា ទូកតៃវ៉ាន់កំពុងដំណើរការអំឡុងនៃការមិនអនុញ្ញាតឱ្យមានការនេសាទរបស់ចិន ដោយបន្ថែមថា តៃវ៉ាន់នឹងទំនាក់ទំនងជាមួយចិន និងជំរុញឱ្យពួកគេដោះលែងអ្នកនេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈចិន បាននិយាយថា ទង្វើនេះបំពានបម្រាមនេសាទនៅរដូវក្ដៅ និងធ្វើប្រតិបត្តិការទូកនេសាទដោយខុសច្បាប់លើដែនសមុទ្រចិន។

ជាមួយគ្នា ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗ នោះទេ។ យ៉ាងណាម៉ិញ អគ្គនាយករងរដ្ឋបាលឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ លោក Hsieh Ching-chin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិ ថា ប្រទេសចិនគួរតែពន្យល់ពីមូលហេតុដែលខ្លួនបានចាប់ទូកនោះ ហើយបានចង្អុលបង្ហាញថា អ្នកនេសាទត្រូវបានដោះលែងបន្ទាប់ពីបង់ប្រាក់ពិន័យនៅពេលប្រតិបត្តិការក្នុងរដូវមិនឱ្យនេសាទរបស់ប្រទេសចិន។

លោកបានបន្ថែមថា ទូកនេសាទតៃវ៉ាន់ ចាំបាច់ត្រូវបង្កើនកម្រិតប្រកាសអាសន្ន ហើយឆ្មាំឆ្នេរសមុទ្រក៏នឹងពង្រឹងការល្បាតរបស់ខ្លួនផងដែរ។ ឆ្មាំឆ្នេរសមុទ្រ ក៏អំពាវនាវឱ្យភាគីដីគោកកុំប្រើកត្តានយោបាយ ដើម្បីដោះស្រាយស្ថានភាពនេះផងដែរ។

បើមន្រ្តីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នេះមិនមែនជាលើកទីមួយទេ ដែលទូកនេសាទតៃវ៉ាន់ត្រូវបានអាជ្ញាធរចិន រឹបអូសបាន បន្ទាប់ពីប្រតិបត្តិការនៅក្នុងដែនទឹករបស់ប្រទេសនោះ បានបំពានគ្នាទៅវិញទៅមក។

សូមជម្រាបថា ការ​រឹប​អូស​ទូក​នេសាទ​នេះ កើត​ឡើង​ចំ​ពេល​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់ កំពុង​កើន​កម្ដៅ​​​ខ្លាំង។ ចិន តែង​ចាត់​ទុក​តៃវ៉ាន់​ជា​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​​បាន​ដាក់​សម្ពាធ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន គិត​ចាប់​តាំង​ពី​ខែ​ឧសភា​​កន្លង​ទៅ ក្រោយ​ការ​ឡើង​កាន់​តំណែង​ថ្មី​របស់​លោក​ប្រធានាធិបតី Lai Ching-te។ ចិន​បាន​ចោទ​ប្រកាន់​​លោក Lai ​ថា​ជា​ជន​ផ្ដាច់​ខ្លួន​និយម ដែល​តែង​តែ​ប្រឆាំង​នឹង​សកម្មភាព​របស់​ចិន៕

ប្រភព៖ Reuters

Share.