សិល្បៈជាតិ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​បាន​ឲ្យ​ដឹង​ថា​វត្ថុបុរាណ​ខ្មែរ​ចំនួន​១៤រូប ​ដែល​ត្រូវ​បាន​បញ្ជូន​ពីសារ​មន្ទីរ Metropolitan Museum of Art (MET) ​នៅ​សហរដ្ឋ​អាមេរិក ​បាន​មក​ដល់​សារមន្ទីរជាតិ​កម្ពុជា ​ហើយ​នៅរសៀលថ្ងៃទី ៣ កក្កដា ២០២៤ ។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ ក៏បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលប្រគល់ត្រឡប់មកប្រទេសកម្ពុជាផងដែរ។

បើតាមក្រសួងវប្បធម៌ បដិមាទេពស្រី (នាងឧមា) ដែលប្រគល់មកកាន់កម្ពុជាវិញនេះ កាលពីឆ្នាំ ២០២១ ក្រសួង បានរកឃើញប្រអប់ជើងនៃបដិមា ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងផ្អែកលើសក្ខីកម្ម ពីអតីតបុគ្គលដែលបានលួចយកទៅថាបដិមារូបនេះ ត្រូវបានលួចចេញក្នុងឆ្នាំ១៩៩៧។

ក្រសួងវប្បធម៌បញ្ជាក់ទៀតថា ចំពោះបដិមាព្រះលោកេសូរ ត្រូវបានសារមន្ទីរ MET បានទិញយកពីលោក Douglas Latchford កាលពីឆ្នាំ១៩៩២ និងព្រះកេសព្រះលោកេសូរ ត្រូវបានលួចនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយដងខ្លួនបានរកឃើញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ក្នុងខេត្តបាត់ដំបង និងកំពុងតាំងនៅក្នុងសាមន្ទីរជាតិ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បញ្ជាក់ថា ការ​វិល​ត្រឡប់​មក​វិញ​នូវ​ចម្លាក់​ទាំងនេះ​មាន​តម្លៃ​សម្រាប់​មនុស្សជាតិ​ទាំង​មូល។ លោក​ជំទាវបន្តទៀតថា កម្ពុជា​ប្ដេជ្ញាចិត្ត​បន្ត​ស្វែងរក​ និង​នាំយក​មក​វិញ​នូវ​ព្រលឹង​ដូនតា​របស់​ខ្លួន​ ដែល​បាន​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទឹក​ដី​កំណើត​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​និង​អសន្តិសុខ​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។

ចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​ព្រលឹង​ដូនតា​នេះ​បាន​រួម​ ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សះ​ផ្សា​និង​ការ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ជាច្រើន​ទសវត្សរ៍ ​និង​រង​គ្រោះ​ដ៏​ឈឺ​ចាប់​ពី​សោកនាដកម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ លទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា​នេះ ក៏​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក៕

Share.