ព្រះសីហនុ÷ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញបច្ចេកទេស មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតគ្រឿងបង្គំសូឡា នៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។

លោក Li Xiao Bo តំណាងក្រុមហ៊ុន Jingying PV-Tech (Cambodia)  ឯ.ក បានឪ្យដឹងថា ក្រុមហ៊ុនលោក គឺជាក្រុមហ៊ុនមូលបត្រនៅប្រទេសចិន ក្រុមហ៊ុនផលិតវត្ថុធាតុដើមគ្រឿងបង្គំផ្ទាំងសូឡា ក្រុមហ៊ុនចាប់ផ្តើមសាងសង់លើផ្ទៃដី ៧៥ ០០០ម៉ែត្រការ៉ ក៏ប៉ុន្តែផ្ទៃអគារ មាន ៦០ ០០០ម៉ែត្រការ៉េ ក្នុងការសាងសង់ បែងចែកជាពីរតំណាក់កាល ទី១អគារត្រូវបញ្ចប់ការសាងសង់នៅក្នុងខែកក្កដា ហើយចាប់ពីខែកក្កដា រហូតដល់ខែ កញ្ញា ក្រុមហ៊ុនចាប់ផ្តើមតំឡើងគ្រឿងម៉ាស៊ីនឪ្យបានរួចរាល់ ហើយតំណាក់កាលទីពីរ ក្រុមហ៊ុនបំពាក់ម៉ាស៊ីនឪ្យបានរួចរាល់នៅខែធ្នូ និងចាប់ផ្តើមដំណើរការផលិតកម្ម ទន្ទឹមនោះ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មប្រមាណជាង ៥០០នាក់  ហើយការផលិតគ្រឿងបង្គំផ្ទាំងសូឡានេះ គឺនាំទៅកាន់បរទេស មានដូចជាប្រទេសអាមេរិក។

ក្រុមហ៊ុន Jingying PV-Tech (Cambodia)  ឯ.ក មានជំនាញឯកទេសផលិត Photovoltaic silicon wafer ដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពការងារទាំងអស់នៃ Photovoltaic silicon wafer ដោយចាប់ផ្តើមពីដំណាក់កាល នៃការផលិត Monocrystalline silicon rod រហូតដល់ដំណាក់កាលនៃការផលិតចេញជា Monocrystalline silicon wafer ទំហំទឹកប្រាក់សរុបនៃការវិនិយោគរបស់គម្រោងក្រុមហ៊ុននេះ គឺប្រហែល ២០០លានដុល្លារអាមេរិក ជាមួយនឹងសមត្ថភាពផលិតដែលបានគ្រោងទុកគឺ 3GW នៃសារធាតុ Monocrystalline silicon rod និង 5GW នៃសារធាតុ Monocrystalline silicon wafer ។    

លោកបានបញ្ចាក់ថា ក្រុមហ៊ុនមានផ្ទៃក្រឡាដីសរុប ៧៥ ០០០ម៉ែត្រការ៉េ ផ្ទៃដីសម្រាប់សាងសង់ទំហំ ៦០ ០០០ម៉ែត្រការ៉េ និងគម្រោងនៃការសាងសង់រួមមានអគាររោងចក្រ Single Crystal អគាររោងចក្រម៉ាស៊ីនកាត់ជ្រៀក ឃ្លាំងស្តុកទំនិញទូទៅ អាងបរិក្ខារប្រព្រឹត្តកម្មទឹកសំណល់ការិយាល័យ អន្តេវាសិកដ្ឋាន និងកន្លែងជំនួយផ្សេងៗទៀត ។ ប្រសិទ្ធភាពផលិតកម្ម គឺការការពារបរិស្ថាន និងការការពារសុខុមាលភាពបុគ្គលិក។ កត្តាទាំងអស់នេះហើយដែលឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគម្រោងនេះត្រូវបានទាក់ទាញការវិនិយោគ ការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យនេះ មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវខ្សែច្រវាក់ឧស្សាហកម្ម photovoltaic របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមការងារបានចំនួន ៥០០កន្លែងទៀត ដែលជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការលើកកម្ពស់ផងដែរចំពោះវិសយ័ឧស្សាហកម្ម photovoltaic ។ ទន្ទឹមនោះ វាក៏នឹងផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់បន្ថែមទៀតសម្រាប់ទីផ្សារ photovoltaic ពិភពលោក និងជំរុញការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញផងដែរ ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនធ្វើការសាងសង់ឪ្យបានលឿនឆាប់ ហើយអាជ្ញាធរខេត្ត និង ជួយសម្របសម្រួល ដើម្បីឪ្យដំណើការសាងសង់ប្រព្រឹត្តទៅដោយរលូន ដោយ សារទីតាំងនេះមានអំណោយផលល្អទាំងបរិស្ថាន ធ្វើឪ្យយើងមានសុខភាពល្អ ទន្ទឹមសុខភាពល្អ ការបំពេញការងារនឹងទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក ។ 


   ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីគយ និងរដ្ឋករត្រូវជួយពន្លឿនក្នុងការសម្របសម្រួលក្នុងការដឹកជញ្ជូនសម្ភារគ្រឿងបង្គំ ព្រោះគ្រឿងបង្គំដំឡើងរោងចក្រផកិតគ្រឿងបង្គំសូឡា និងមកដល់កំពង់ផែស្វយ័តក្រុងព្រះ សីហនុបនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ និងមកដល់ជាបន្តបន្ទាប់បន្ថែមទៀតនៅសប្តាហ៍ក្រោយ ដូច្នេះជួយសម្រួលបែបបទ ធ្វើយ៉ាងណាឪ្យគ្រឿងបង្គំ និងម៉ាស៊ីនចេញពីកំពង់ផែឪ្យបានលឿនឆាប់ ដែលអាចធ្វើទៅបាន ដើម្បីឪ្យរោងចក្ររៀបចំតំឡើងចង្វាក់ផលិតកម្មរបស់ខ្លួនតាមការគ្រោងទុក ៕

អត្ថបទ÷ឈុន គឹមហៃ

Share.