គូឡាឡាំពួរ៖ ការលេចធ្លាយឧស្ម័នកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅផ្នែកវិស្វកម្មនៃអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងគូឡាឡាំពួរ បានឃើញថា មនុស្ស ៣៩នាក់បានធ្លាក់ខ្លួនឈឺ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីសង្គ្រោះក្នុងតំបន់លោក Muhammad Nur Khairi Samsumin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនរងគ្រោះសរុបចំនួន ៣៩នាក់មានអាការៈវិលមុខ និងក្អួតចង្អោរ»។

លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​ ២៤​នាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ ខណៈមនុស្សចំនួន ១៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​អង្គភាព​គ្រោះ​មហន្តរាយ​អាកាស ចំណែកម្នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយអ្នករងគ្រោះទាំងអស់ធ្វើការឱ្យក្រុមហ៊ុនចំនួន៣ នៅរោងចក្ររបស់អាកាសយានដ្ឋាន។

លោក Muhammad Nur បាននិយាយថា ឧស្ម័នដែលលេចធ្លាយត្រូវបានកំណត់ថាជា methyl mercaptan ហើយវាលេចធ្លាយចេញពី «ធុងដែលមិនបានប្រើនៅឯរោងចក្រ»៕

យ៉ាងណាម៉ិញ ឧបទ្ទវហេតុនេះមិនបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសនៅឯអាកាសយានដ្ឋានរបស់ប្រទេសមួយនេះទេ មន្រ្តីអាកាសយានដ្ឋាន នឹងជូនដំណឹងបន្ថែមជុំវិញករណីនេះ៕

ប្រភព៖ CNA

Share.