កណ្តាល៖ ស្រ្តីម្នាក់ត្រូវបានអតីតស្វាមី យកកាំបិតប័ុងតោកាប់របួសក្បាលដេរជាច្រើនថ្នេរ បន្ទាប់អតីតស្វាមីមកសុំត្រូវរូវគ្នាវិញមិនបាន កាលពីនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី នៅចំណុច ភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ វុន សាន់ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ឈ្មោះ សន សុខុម ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់នំអាកោ រងរបួសបែកក្បាលចំនួន០៤កន្លែង ដេរចំនួន១៨ថ្នេរ ទាំងពីនាក់មានទីលំនៅ ភូមិ/ឃុំកើតហេតុជាមួយគ្នា ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារខេត្តកណ្ដាល រយៈពេល០៣ឆ្នាំម្តងរួចទៅហើយ ពីបទហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លុះដល់អំឡុងឆ្នាំ២០២៣ ក្រោយពីត្រូវបានដោះលែងវិញ ជនសង្ស័យបានមករស់នៅជាមួយជនរងគ្រោះ និងបន្តប្រើប្រាស់ថ្នាំញៀន ឧស្សាហ៍ឈ្លោះប្រកែក បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ រហូតដល់ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យបានដុតម៉ូតូ ឆេះអស់០១គ្រឿង និងដុតផ្ទះ តែត្រូវបានក្រុមគ្រួសារបងប្អូនជួយពន្លត់ទាន់ ដោយជនសង្ស័យចោទប្រកាន់ជនរងគ្រោះមានសាហាយ ហើយត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ០១លើក។

ហើយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ជនរងគ្រោះបានទៅលែងលះជាមួយជនសង្ស័យ នៅសាលាឃុំពុកឫស្សី ហើយជនសង្ស័យក៏ទៅរស់នៅជាជីដូន ស្រាប់តែនៅថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៣:០០នាទី ជនសង្ស័យបានមកសុំត្រូវរូវគ្នាជាមួយជនរងគ្រោះវិញ តែជនរងគ្រោះមិនព្រម ក៏កើតជាជម្លោះ ឈ្លោះប្រកែកសម្ដីគ្នាមួយប្រាវ លុះដល់វេលាម៉ោង១៣:៣០នាទី ថ្ងៃដដែល ជនរងគ្រោះក៏ទៅអង្គុយលើគ្រែក្រោមផ្ទះម្ដាយមីង ជាមួយបងប្អូននៅទីនោះ ព្រោះខ្លាចជនសង្ស័យធ្វើបាប ស្រាប់តែជនសង្ស័យដើរទៅក្រោមផ្ទះម្តាយមីងដោយ បានកាន់កាំបិតប៉័ងតោដើរពីក្រោយទៅកាប់ក្បាលជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលឱ្យធ្លាក់ពីលើគ្រែ។

មិនតែប៉ុណ្ណោះ ជនសង្ស័យបានកាន់កាំបិតរកកាប់មនុស្សនៅទីនោះទៀត រួចក៏រត់ឡើងទៅលើផ្ទះ ហើយយកកាំបិតអា.ក.ខ្លួនឯង បណ្ដាលឱ្យមុខរលាត់ស្បែកចេញឈាម ត្រូវបងប្អូនជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ពុកឫស្សី ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពុកឫស្សី សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះអន្តគមន៍ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជន៕

អត្ថបទ៖ កណ្តាល

Share.