កណ្តាល៖ នគរបាលប៉ុស្តិ៍ទឹកវិល បានស្រាវជ្រាវឃាត់ខ្លួនបានក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ​ បន្ទាប់ពីជិះម៉ូតូយកដុំថ្មគប់ជនរងគ្រោះបែកក្បាល ខណៈកំពុងហែទីងមោងតាមផ្លូវ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី ស្ថិតនៅនៅចំណុច ភូមិសំប៉ានលើ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ វុឌ្ឍី ពិតា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល និងម្នាក់ទៀតកំពុងរត់គេចខ្លួនមាន ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។


តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូឌុបគ្នាដើម្បីទៅហែទីងមោង ដោយជិះម៉ូតូទៅជួបជុំគ្នានៅស្រុកកោះធំ ស្ថិតនៅវត្តសំប៉ានក្រោម និងបានហែពីទិសខាងត្បូងមកទិសខាងជើងឡើងមកវិញ លុះដល់ចំណុចវត្តសំប៉ាន ជនសង្ស័យជិះម៉ូតូហែទីងមោង ក៏បានឃើញជនរងគ្រោះកំពុងដើរហែទីងមោងដែរ រួចក៏បានយកដុំថ្មកាន់ជាប់នឹងដៃ បានជិះម៉ូតូគប់សំដៅជនរងគ្រោះបណ្តាលឱ្យចំក្បាលពីក្រោយបណ្តាលឱ្យរងរបួសបែកក្បាលហូរឈាម រួចជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។

លុះមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០:៤០នាទីព្រឹក ជនរងគ្រោះ ឈ្មោះ កុសល់ សុធារាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ឱ្យជួយអន្តរាគមន៍។

ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានចុះស្រាវជ្រាវ នឹងបានកំណត់មុខសញ្ញាបាន រហូតដល់ឃាត់ខ្លួនជនសង្ស័យបាន នាំមកប៉ុស្តិ៍ធ្វើការសួរនាំ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.