នៅរសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែការពារ Vitālijs Jagodinskis ជនជាតិឡាតវី មានវ័យ៣២ឆ្នាំ និងកម្ពស់ ១.៩១ម៉ែត្រ ត្រៀមសម្រាប់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ខាងមុខនេះ។

កីឡាករ Vitālijs Jagodinskis គឺជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ FK RFS សមាជិកលីគកំពូលឡាតវី និង FC Dynamo Kyiv សមាជិកលីគកំពូលអ៊ុយក្រែន ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣។

នៅឆ្នាំ ២០០៩ រូបគេត្រូវបានក្រុម FK RFS ដំឡើងទៅឈុតធំ លេងនៅក្នុងពានរង្វាន់ Latvian Higher League លីគកំពូលឡាតវី បានតែ១ប្រកួតប៉ុណ្ណោះ មុនបន្តផ្លាស់ទៅចូលរួមក្រុម FK Daugava លីគកំពូលឡាតវី ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២។

ឆ្នាំ ២០១៤ ចូលរួមក្រុម FC Hoverla Uzhhorod លីគកំពូលអ៊ុយក្រែន ហើយនៅឆ្នាំ ២០១៧ ចូលរួមក្រុម Politehnica Iași លីគកំពូលរ៉ូម៉ានី។ ដោយឡែកឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ Jagodinskis ត្រលប់ទៅលីគកំពូលឡាតវីវិញ ជាមួយក្រុម FK Ventspils, FK RFS, Valmiera FC។

សម្រាប់ក្រុមជម្រើសជាតិឡាតវី កីឡាករ Jagodinskis ជាប់តាំងពីឈុត U17, U19, U21 និងឈុតធំ ចាប់តាំងពីឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន បង្ហាញខ្លួនសរុប ៥២ប្រកួត។

ប្រកួតសំខាន់ៗរបស់ខ្សែការពារ Vitālijs Jagodinskis៖

  • ធ្លាប់លេងនៅពានរង្វាន់ UEFA EURO 2016 វគ្គជម្រុះទល់នឹងហូឡង់ (Robin van Persie)
  • ធ្លាប់លេងនៅពានរង្វាន់ UEFA Euro 2020 វគ្គជម្រុះទល់នឹង​ប៉ូឡូញ
  • ធ្លាប់លេងនៅពានរង្វាន់ FIFA World Cup 2018 វគ្គជម្រុះទល់នឹងព័រទុយហ្គាល់ (Cristiano Ronaldo)
  • ធ្លាប់លេងនៅពានរង្វាន់ FIFA World Cup 2018 វគ្គជម្រុះទល់នឹងស្វីស
  • ធ្លាប់លេងនៅពានរង្វាន់ UEFA Europa Conference League 2022 ឱ្យក្រុម Rigas Futbola ទល់នឹង ACF Fiorentina សមាជិកលីគកំពូលអ៊ីតាលី៕
Share.