ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានសាងសង់នាថ្ងៃទី ៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល បានប្រកាសឲ្យគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈនិងឯកជន ព្រមទាំង ជន រួមជាតិគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា រួមគ្នាធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង៩:០៩នាទីព្រឹក នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ ។

យោងតាមសារាចររបស់រាជរដ្ឋាភិបាលនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤នេះបានបញ្ជាក់ថាគម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបាននិងកំពុងអនុវត្តដោយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ បង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅភាគនិរតី ទទួលបានផលពីការនេសាទនិងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើត តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ។

ទន្ទឹមនេះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយ ឱ្យកម្ពុជាពង្រឹងនូវឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ។ ការគាំទ្រនិងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខ្មែរ រាប់លាននាក់នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោង របស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» បានក្លាយជាចលនាជាតិដ៏ខ្លាំងក្លាចងបាច់សាមគ្គីនិង មនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព៕

Share.