ភ្នំពេញ: ស្ត្រីម្នាក់រស់នៅជាមួយប្ដីអត់ខាន់ស្លារហូតមានផ្ទៃពោះ២ខែ បែជាខាងប្រុសមិនទទួលខុស ព្រមត្រូវបណ្ដេញចេញពីផ្ទះមិនដឹងទៅណាទៀត ក៏គិតខ្លីតូចចិត្តនិងជីវិតខ្លួនជិះរថយន្តឡើងមកភ្នំពេញប៉ុនប៉ងលោតទឹកសម្លាប់នៅស្ពានជ្រោយចង្វារ ប៉ុន្តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋឃើញទាន់ជួយសង្គ្រោះ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានមិត្តភាព កម្ពុជា-ជប៉ុន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះមានឈ្មោះ យ៉ង់ ចន្នី អាយុ ២៨ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា ជាដំបូងរូបគាត់បំរើការនៅហាងមួយកន្លែង ក៏មានទាក់ទងស្នេហាជាមួយបុរសម្នាក់ហើយឈានដល់ការរស់នៅជាមួយគ្នាជាប្ដីអត់ខាន់ស្លានៅភូមិ អូលីវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រហូតដល់មានផ្ទៃ២ខែប្ដីមិនទទួលស្គាល់បណ្ដេញចេញពីផ្ទះ មិនដឹងថាទៅរស់នៅឯណាបន្តទៀត ទៅស្រុកខ្មាស់គេក៏ជិះរថយន្តតាក់សុីឡើងមកភ្នំពេញដើម្បីលោតទឹកសម្លាប់ខ្លួន។

តាមព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ បានឃើញស្ត្រីរងគ្រោះដើរមកលើស្ពានរ៉េរៀប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនក៏បានចូលទៅឃាត់លួងលោមធ្វើការណែនាំ ហើយបានទំនាក់ទំនងទៅវិទ្យុមួយដើម្បីទទួលឲ្យគាត់ទៅស្នាក់នៅជាមួយ ក្រោយមកខាងប៉ុស្ដិ៍វិទ្យុយល់ព្រមអោយគាត់ស្នាក់នៅ ហើយគាត់ព្រមជិះកង់បីចេញទៅបាត់ ក្រោយមកស្រាប់តែឃើញមកឡើង
លើស្ពានប៉ងលោតទឹកសម្លាប់ខ្លួនម្ដងទៀត ត្រូវបានប្រជាពលរដ្ឋឃើញនាំមកក្រោម រាយការណ៏ជូនសមត្ថកិច្ច។

ក្រោយកម្លាំងសមត្ថកិច្ចបានមកដល់ឃើញជនរងគ្រោះមានការអាការ:មិនស្រួល ស្លេកស្លាំងធ្វើការទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកជនរងគ្រោះបញ្ជូនទៅពិនិត្យនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

អត្ថបទ៖សេង សាវី

Share.