ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកប្តី និងបុរសម្នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រ បើកគេចពីម៉ូតូកង់បី បុកឡើងឆ្លងសួនទ្រូងផ្លូវ ធ្លាយចេញទៅបំណែកផ្លូវម្ខាងទៀត កាត់ទទឹងផ្លូវ បុកម៉ូតូហុងដាឌ្រីមកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធជាប់អូសក្បាលរថយន្តធ្លាក់ចូលវាលស្រែ ស្រាប់តែរថយន្តបែនដឹកខ្សាច់ហ្វ្រាំងមិនទាន់បុកកៀបជាប់សឺមីរុឺម៉កកុងតឺន័រ អ្នកបើកបររបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ឈ្មោះ សុិន ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ របួសស្រាល ប្រពន្ធឈ្មោះ សាត ចាន់នេត អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ រងរបួសធ្ងន់ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7975 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3F-1935 អូសសណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8105 បើកបរល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុគេចពីម៉ូតូកង់បីខាងមុខ រេចង្កូតបុកឡើងសួនទ្រូងផ្លូវ ឆ្លងកាត់ទទឹងផ្លូវ ទៅបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KR-7975 ជិះដោយជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលទើបចេញពីធ្វើការ ពីត្បូងទៅជើង ជាប់អូសក្បាលរថយន្តធ្លាក់ចូលវាលស្រែ រុឺម៉កកុងតឺន័រនៅកាត់ទទឹងផ្លូវ បណ្តាលឱ្យខាងម៉ូតូរបួសធ្ងន់ស្រាល២នាក់ ស្របពេលដែលរថយន្តហោះឆ្លងកាត់ទទឹងទ្រូងផ្លូវ ធ្វើឱ្យរថយន្តបែនដឹកខ្សាច់មួយគ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-1949 បើកពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុករុឺម៉កកុងតឺន័រ កៀបជាប់គ្នារងខូចខាតខ្ទេចកាប៊ីន អ្នកបើកបររងរបួសស្រាល សួនទ្រូវផ្លូវរងខូចខាត ចំណែកអ្នកបើកបររថយន្តកុងតឺន័រចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯរថយន្ត២គ្រឿង ម៉ូតូមួយគ្រឿងប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងអូសយកទៅរក្សាទុក រង់ចាំដោះស្រាយជាក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.