ក្រុមបាល់ទះបុរសជម្រើសជាតិប្រេស៊ីល ឈរតារាងចំណាត់ថ្នាក់លេខ១ លើពិភពលោក បានក្លាយជាម្ចាស់ជើងឯកប្រចាំទ្វីបអាមេរិកខាងត្បូង Men’s South American Volleyball Championship ជាលើកទី៣៣ គិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងពីឆ្នាំ១៩៥១ មក។
សម្រាប់ការប្រកួតក្នុងឆ្នាំ២០២១ នេះរៀបចំនៅទីក្រុង Brasília ប្រទេសប្រេស៊ីល ដោយមានក្រុម៥ ចុងក្រោយប៉ុណ្ណោះ មានម្ចាស់ផ្ទះប្រេស៊ីល អាហ្សង់ទីន ឈីលី កូឡុំប៊ី និងប៉េរូ។ ក្រុមទាំងអស់ប្រកួតវិលជុំសន្សំពិន្ទុហើយប្រេស៊ីល មានពិន្ទុច្រើនជាងគេក្រោយប្រកួតឈ្នះទាំង៤ប្រកួត ខណៈក្រុមអាហ្សង់ទីន ជាក្រុមជើងឯករង។
ពានរង្វាន់នេះរៀបចំឡើងរាល់២ឆ្នាំម្តង ចំនួន៣៤លើក ហើយអាហ្សង់ទីន ឈ្នះជើងឯកតែ១លើកប៉ុណ្ណោះ ក្រៅពីនោះប្រេស៊ីល ឈ្នះគ្រប់សម័យកាលពោលគឺ៣៣លើក។
អត្ថបទពាក់ព័ន្ធ៖វីដេអូបាល់ទះប្រេស៊ីល លើកពាន 2021 FIVB Volleyball Men’s Nations League
ក្នុងនាមជាក្រុមជើងឯកនិងជើងឯករងប្រចាំទ្វីបអាមេរិកខាងត្បូង ប្រេស៊ីល និងអាហ្សង់ទីន មានឈ្មោះតំណាងឱ្យតំបន់របស់ខ្លួនចេញទៅចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកពិភពលោក 2022 FIVB Volleyball Men’s World Championship ដែលមានសមាជិក២៤ក្រុម មានរុស្ស៊ី ជាម្ចាស់ផ្ទះ។ គិតត្រឹមពេលនេះមានក្រុម៦ហើយកក់កៅអីមុនគេ ពោលគឺម្ចាស់ផ្ទះរុស្ស៊ី ហើយប៉ូឡូញ ជាម្ចាស់ជើងឯកឆ្នាំចាស់ និងកាណាដា បូកទាំងព័រតូរីកូ ជាក្រុមតំណាងឱ្យទ្វីបអាមេរិកខាងជើង៕