ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បានបញ្ចប់សប្ដាហ៍ទី១៣ហើយ ពោលគឺចប់ជើងទី១ ខណៈក្រុមបាល់ទាត់វិសាខា ឈរកំពូលតារាង តែក្រុមអាស៊ីអឺរ៉ុប និងគីរីវង់សុខសែនជ័យ ប្រជែងគ្នាយកកៅអីក្រុមខ្លាំងទាំង៨ប្រចាំរដូវកាល (Top8)។
បើតាមការបញ្ជាក់របស់ CNCC សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5ពោលគឺក្រុមមានពិន្ទុច្រើនជាងគេចំនួន៨ បន្ទាប់ពីចប់ជើងទី១ នឹងប្រជែងគ្នាយកតំណែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេចំនួន៥ត្រូវប្រកួតគ្នាយកពិន្ទុគេចពីតំបន់កាត់ចោល។ សម្រាប់ការគិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយក្រុមមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បានតំណែងជើងឯក ប្រចាំឆ្នាំ២០២១ និងក្រុមមានពិន្ទុតិចជាងគេ ឬចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម Last 5 នឹងត្រូវបានកាត់ចោល។ ការប្រកួត Top 8 និង Last 5 នេះប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ ដោយមិនមានការផ្លាស់ទឹកដីទៅវិញទៅមកបន្តទៀតទេ។
និយាយពីក្រុម Top 8 គឺរកឃើញ៧ក្រុមហើយគ្រាន់តែមិនទាន់កំណត់ចំណាត់ថ្នាក់ច្បាស់ព្រោះឡក្រុមណាហ្គាវើល ត្រូវប្រកួតសងក្នុងសប្ដាហ៍ទី១២ កន្លងទៅជាមួយម្ចាស់ផ្ទះព្រៃវែង សិន។ ចំណែកក្រុមដែលត្រូវចូលប្រអប់លេខ៨ គឺរង់ចាំលទ្ធផលប្រកួតសងសប្ដាហ៍ទី៩ ដែលនៅសល់របស់ក្រុមគីរីវង់សុខសែនជ័យ ជាមួយក្រុមម្ចាស់ផ្ទះអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស)។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១ ដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែមីនា ម្ល៉េះ តែបានឆ្លងកាត់ការលើកពេលចំនួន២លើក ដោយសារការរាលដាលជំងឺកូវីដ១៩។ ជើងទី១នឹងបិទបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ហើយជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា តែម្តង៕
រូបថត៖CNCC