ក្រុមបាល់ទះតែមួយប្រចាំតំបន់អាស៊ានគឺថា បានបរាជ័យនៅថ្ងៃបើកឆាកពានរង្វាន់បាល់ទះជើងឯកប្រចាំទ្វីបអាស៊ី 2021 Asian Men’s Volleyball Championship ក្នុងវគ្គជម្រុះតាមពូល ខណៈក្រុមម្ចាស់ផ្ទះជប៉ុន និងក្រុមជើងឯកឆ្នាំចាស់អ៊ីរ៉ង់ សុទ្ធតែរកបានជ័យជម្នះដូចគ្នា។
ការប្រកួតប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបនេះនឹងធ្វើឡើងនៅទីក្រុង Chiba និង Funabashi ពីថ្ងៃទី១២ ដល់១៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមាន១៦ក្រុមខ្លាំងៗមកពីជុំវិញទ្វីប ដែលបានចាប់ឆ្នោតបែងចែកជា៤ ពូលផ្សេងគ្នា។ ពូល A មានជប៉ុន បារ៉ែន ឥណ្ឌា និងកាតារ ពូល B ប៉ាគីស្ថាន អ៊ីរ៉ង់ ថៃ និងហុងកុង ពូល C មានចិន អូស្ត្រាលី អ៊ូបេគីស្ថាន និងគុយវ៉ែត ពូល D មានតៃវ៉ាន់ កូរ៉េខាងត្បូង កាហ្សាក់ស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត។
ពានរង្វាន់ Asian Men’s Volleyball Championship រៀបចំឡើងតាំងពីឆ្នាំ១៩៧៥ មកដោយធ្វើឡើងរាល់៣ឆ្នាំម្តង ហើយក្រុមជប៉ុន ឈ្នះជើងឯកបានច្រើនជាងគេគឺរហូតដល់៩លើក ខណៈក្រុមអ៊ីរ៉ង់ ជាម្ចាស់ជើងឯកឆ្នាំចាស់ ក្រោយយកឈ្នះអូស្ត្រាលី ៣សិតទល់០ នៅទីក្រុង Tehran របស់ខ្លួន៕