នៅរសៀល ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ជាក់ថាកីឡដ្ឋានស្តង់ដារអន្តរជាតិនេះគឺសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games 2023 ខាងមុខ។ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និង ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារអាមេរិក។
វិមានកីឡដ្ឋាននេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចតេជោនិង ឯកឧត្តម សុង ប៉ អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយសាងសង់លើផ្ទៃដីទំហំ ១៦,៤ ហិកតា ផ្ទៃក្រឡាសំណង់អគារ ៨៦,០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី។ សំណង់នេះ ប្រើប្រាស់កម្លាំងពលកម្មដែលជាបុគ្គលិក និងកម្មករជំនាញចិន ២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មខ្មែរចំនួន ៥៥០នាក់។
វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន បានប្រើប្រាស់រយៈពេល ៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
វិមានកីឡដ្ឋាននេះ សាងសង់ឡើងក្រោមទស្សនទានប្រជាសាស្រ្តជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះ ធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូលដូចជា៖ រូបរាងសំពៅ និមិត្តរូបដៃសំពះ ដែលមានក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់៩៩ម៉ែត្រ ជាសក្ខីភាពនៃថាមពលដ៏រឹងមាំនៃស្មារតីមិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដីកម្ពុជា។
កីឡដ្ឋាននេះសាងសង់ឡើងក្នុងកម្រិតស្តង់ជាសុវត្ថិភាពខ្ពស់ ពោលគឺ អាចជម្លៀសមនុស្ស ៦ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ ៧នាទីប៉ុណ្ណោះ។
នៅក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបាននូវសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កីឡដ្ឋានជាតិមរតកតេជោនេះ កើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាល្អជាបន្តបន្ទាប់ ជាពិសេសឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ជាមួយនឹងប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលនៃពហុកីឡដ្ឋានជាតិនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេសទាំង២ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។ សម្តេចបន្តទៀតថា នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារតែការជឿទុកចិត្តគ្នាទៅវិញទៅមករវាងមិត្តចិន និងកម្ពុជា ជាងពិសេសក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កម្ពុជាចិនមានទំនាក់ទំនងល្អជាមួយតាំងពីយូរយាណាស់មកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានសម្តេចព្រះវររាជបិតា ព្រះនរោត្តមសីហនុ ជាតួរអង្គ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងនេះរហូតមក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រមទាំងរាជវង្សសានុវង្ស រួមទាំងសម្តេចផងដែរ ហើយទំនាក់ទំនងដ៏ល្អនេះទើបធ្វើអោយប្រទេសទាំងពីរមានជំនឿចិត្តមកលើគ្នានិងកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់ ៕