អាជ្ញាធររដ្ឋតិចសាស់ ​​​កំពុងតែតាមដានព្យុះត្រូពិច នីកូឡាស ដែលអាចបង្កើនឥទ្ធិពលក្លាយជាព្យុះ ហឺរីខិន ខណៈដែលថ្មីៗនេះ សហរដ្ឋអាមេរិកបានរងគ្រោះដោយសារព្យុះហឺរីខិន អាយដា និង ព្យុះកំបុតត្បូង បោកបក់ទៅកាន់រដ្ឋមួយចំនួនដែលបណ្ដាលឲ្យមានអ្នករងរបួស និង ស្លា.ប់ផងដែរ។

សារព័ត៌មាន The Washington Post បានចេញផ្សាយនៅថ្ងៃច័ន្ទ នេះថា តំបន់ឆ្នេរសមុទ្រនៅក្នុងរដ្ឋ តិចសាស់ និង រដ្ឋ ឡូស៊ីអាណា នេះកំពុងតែត្រៀមខ្លួនប្រឈមនឹងព្យុះត្រូពិច នីកូឡាស ដែលគេព្យាករណ៍ថា នឹងអាចបង្កើនកម្លាំងខ្យល់កាន់តែខ្លាំងឡើងៗ ហើយអាចបង្កទៅជាទឹកជំនន់យ៉ាងគំហុកផងដែរ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុសហរដ្ឋអាមេរិក បានប្រកាសថា​ នៅថ្ងៃច័ន្ទ ទី ១៣ ខែកញ្ញា ឆ្នាំ ២០២១នេះ ព្យុះត្រូពិច​នីកូឡាស អាចបង្កើនកម្លាំងខ្យល់បោកបក់ខ្លាំងបំផុតរហូតដល់ ១១០គីឡូម៉ែត្រក្នុង១ម៉ោង ដែលចំណុចកណ្ដាលរបស់ព្យុះនេះស្ថិតនៅឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក។ រដ្ឋតិចសាស់ក៏ប្រកាសអំពីការព្រមានអំពីព្យុះត្រូពិចចាប់ពីព្រំដែនម៉ិកស៊ិក រហូតដល់ កំពង់ផែអារ៉ាន់សាស់ ដែលរូមមានកោះ South Padre និង កោះ Corpus Christi។

តំបន់មហាសមុទ្រអាត្លង់ទិច តែងតែមាននូវរដូវនៃការកើតមានព្យុះបោកបក់ ហើយព្យុះនីកូឡាស នេះ គឺជាព្យុះទី ១៤ ហើយដែលបានវាយប្រហារនៅតាមតំបន់ឈូងសមុទ្រខាងលើនេះ ជាមួយគ្នាប្រទេសដែលស្ថិតនៅក្បែរតំបន់អាត្លង់ទិចអាចនឹងរងគ្រោះផងដែរ៕

ប្រភព​៖ The Washington Post

Telegram-Troryorng
Share.