បាត់ដំបង៖ មេឆ្នោតប្រុស ស្រីចំនួន ៧នាក់ត្រូវបាននគរបាលជំនាញបញ្ជូនទៅកាន់តុលាកាខេត្តបន្ទាប់ពីបង្ក្រាបជាបន្តបន្ទាប់ក្នុងក្រុងបាត់ដំបង និងក្នុងស្រុករតន:មណ្ឌល។

កាលពីចុងសប្តាហ៍កន្លងមកនេះនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ចប់ការកសាងសំណុំរឿងប្រព្រឹត្ត ល្បែងស៊ីសង ហើយបានបញ្ជូនជនសង្ស័យមេឆ្នោតសរុបចំនួន ៧នាក់ទៅកាន់តុលាកាខេត្តដើម្បីអនុវត្តតាមនីតិវិធីក្រោយបង្ក្រាបឃាត់ខ្លួននៅទី តាំងក្រុងបាត់ដំបង និងនៅស្រុករតនមណ្ឌល។

នគរបាលជំនាញបានបង្ហើបឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើធ្វើឡើងចំនួន៤ លើកដោយមួយលើកបង្ក្រាបនៅត្រង់ចំណុចភូមិវត្តរកា សង្កាត់ អូរម៉ាល់ និងចំណុចផ្សារបឹងរាំង ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងនោះឃាត់ខ្លួនបានអ្នកប្រព្រឹត្តប្រុស ស្រីចំនួន ៣នាក់ រួម ទាំងវត្ថុតាងមួយចំនួន។

ដោយឡែកការបង្ក្រាបទីតាំងទី ៣ អនុវត្តបង្ក្រាបត្រង់ចំណុចផ្សារបន្លែភូពុយ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឃាត់ខ្លួនបានមេឆ្នោត ស្ត្រី១នាក់ ជាមួយវត្ថុតាងល្មើសមួយចំនួន និងទីតាំងទី៤ បង្ក្រាបនៅត្រង់ចំណុចភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល កម្លាំងសម ត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន ៣នាក់ រួមទាំងប្រាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ការចុះអនុវត្តច្បាប់ខាងលើគឺជាការឆ្លើយតបទៅនឹងសកម្មភាពល្មើសច្បាប់ដែលកើតមានឡើងនៅក្នុងមូលដ្ឋានជាបន្តបន្ទាប់របស់បុគ្គលមួយចំនួនតូចដែលបង្កសភាពគ្មានសណ្តាប់ធ្នាប់ មិនចូលរួមជាមួយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាព ដោយបានប្រមូលផ្តុំ គ្នាច្រើននាំ គ្នាលេងល្បែងស៊ីសងខុសច្បាប់ ពិសេសបំពាននឹងវិធានការរដ្ឋបាលស្រុក ខេត្ត ស្តីពីការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩៕

អត្ថបទ៖ ដំបងក្រញូង

Share.