សេដ្ឋកិច្ចអន្តរជាតិ៖ ក្រុមអ្នកជំនាញថៃ ប្រាប់យុទ្ធសាស្ត្រ ៣ ចំណុច «ប្រឈមមុខ ក្រាប និងអត់ទ្រាំ» ដើម្បីវាយបកនឹងការដំឡើងពន្ធរបស់លោក ត្រាំ លើប្រទេសថៃ។
ក្រោយប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ ប្រកាសការតម្លើងពន្ធ១០% លើការនាំចូលទំនិញពីបណ្ដាប្រទេសនានានោះ ថៃក៏ជាប្រទេសមួយក្នុងចំណោមនោះដែរ។ យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចនៅប្រទេសថៃ បានចេញមកប្រតិកម្មចំពោះប្រធានាធិបតីអាមេរិក ដែលបានដំឡើងតម្លៃពន្ធលើប្រទេសថៃដល់ទៅ ៣៦ %។

ពួកអ្នកជំនាញបានលើកឡើងពីយុទ្ធសាស្ត្រចំនួន ៣ ចំណុចបង្ហាញពីការវាយបករកច្រកចេញទៅកាន់រដ្ឋា ភិបាល ថៃ គឺ «ប្រឈមមុខ-ក្រាប-អត់ទ្រាំ» ដើម្បីរំដោះខ្លួនចេញពីល្បែងនយោបាយពាណិជ្ជកម្មដ៏ក្ដៅគគុកដែលបានកើតឡើងនេះ។ ខណៈដែលបច្ចុប្បន្ននេះ រូបិយប័ណ្ណថៃកំពុងគ្មានស្ថេរភាព ដោយក្នុង ១ ដុល្លារអាមេរិកស្មើនឹង៣៤.៣៨ បាត។
ភ្លាមៗ ក្រោយការប្រកាសពីថ្នាក់ដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ច លើការតំឡើងពន្ធនាំចូល១០% នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥នេះ បណ្ឌិត Piwat Luengnarumitchai ជាប្រធានសេដ្ឋវិទូ ក្រុមហ៊ុន Kiatnakin Phatra Financial Group បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយរៀបពីប្រតិកម្មចង្អុលបង្ហាញថា៖ កិច្ចការចំបងសម្រាប់រដ្ឋាភិបាលថៃ គឺត្រូវស្វែងរកដំណោះស្រាយជាមុនសិនថា តើថ្លៃពន្ធ ៧២% បានមកពីណា?
ជាមួយគ្នានោះ លោក ត្រាំ និយាយថា ប្រទេសថៃបានយកពន្ធទំនិញពីសហរដ្ឋអាមេរិក រួមទាំងរបាំងមិនយកពន្ធ គឺ ៧២ % ទាំងដែលជាពន្ធនាំចូលកម្រិតមធ្យម ត្រឹមតែ ១០ % ។ បានសេចក្ដីថា គេបានគណនាតម្លៃនៃ Nontariff Barrier ច្រើនខ្លាំងណាស់ ឬមិនផ្ដោតលើទំនិញដែលថៃបានយកពន្ធខ្ពស់ពីអាមេរិកដូចជា ទំនិញកសិកម្មទាំងអស់ ឬមិនដូច្នោះទេមានតែសរសេរខុស? កិច្ចការចំបងរបស់រដ្ឋាភិបាលត្រូវរកឱ្យឃើញមុនសិនថា តើ ៧២ % បានមកពីណា?
បន្ទាប់ពីនេះគឺជាល្បែងចចារដែលយើង(ថៃ) អាចមានជម្រើស ៣ ផ្លូវ ដូចជា៖
១-ប្រឈមមុខ ( ធ្វើដូចជា កាណាដា អឺរ៉ុប ឬ ចិន ) ៖ អាចមិនមែនជាជម្រើសល្អសម្រាប់ប្រទេសថៃ ព្រោះដោយសារតែថៃពឹងផ្អែកលើទីផ្សារអាមេរិកច្រើន។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញនាំចូលធំបំផុតរបស់ថៃ ។ ថៃបានកើនសមតុល្យនៃការទូទាត់ទៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗរាប់ម៉ឺនលានដុល្លារ ( បើទោះបីជាទិន្នន័យនៃការទូទាត់នោះមានចំនួនច្រើន ភាគច្រើនជាចំនួនទំនិញនាំចូលពីទីផ្សារចិនដែលពឹងពាក់ថៃធ្វើជាទីតាំងដើម្បីគេចពីការចាប់ពន្ធក៏ដោយ)។
២-ក្រាប គឺក្រាញននាលចចារជាមួយសហរដ្ឋអាមេរិក ដូចជា កែសម្រួលបញ្ជុះតម្លៃពន្ធដែលថៃបានយកពីអាមេរិកច្រើនៗ បើកទីផ្សារដែលថៃកំពុងតែការពារ (មានផលិតផលកសិកម្មផ្សេងៗ) លុបចេញរបាំងពាណិជ្ជកម្ម Nontariff Barrier មានការហាមឃាត់នាំចូលសាច់ជ្រូក ថ្លៃត្រួតពិនិត្យផលិតផលផ្សេងទាំងអស់នោះ។ តែទាំងអស់នេះ អាចនឹងមិនគ្រប់គ្រាន់ ដូច្នេះថៃគួរតែផ្ដល់ជូននូវដំណោះស្រាយផ្សេងៗទៀតទៅឱ្យសហរដ្ឋអាមេរិកដូចជា យន្តហោះ អាវុធ គ្រឿងចក្រ ឬមួយក៏ត្រូវរកវិធីសាស្ត្របង្កើតការវិនិយោគនៅសហរដ្ឋអាមេរិក។
ថៃប្រហែលជាត្រូវធ្វើសេរីភាវូបនីយកម្មលើសេវាកម្មផ្នែកផ្សេងៗដែលសហរដ្ឋអាមេរិកបានត្អូញត្អែរមករហូត ដូចជា សេវាកម្មហិរញ្ញវត្ថុ ការពារកម្មសិទ្ធិបញ្ញា បញ្ហាសិទ្ធិការងារ ជាដើម។
ប៉ុន្តែពិតណាស់ ជម្រើសមួយនេះ ក្រៅពីការចចារ «ខាងក្រៅ» ត្រូវបន្ថែមការចចារ «ខាងក្នុង» ដែលមានប្រសិទ្ធភាព។ តើថៃនឹងដឹងបានដោយរបៀបណាថា ថៃគួរតែព្រមបើកចំហរការដោះដូរផលិតផលកសិកម្មសម្រាប់ការនាំចេញ? តើនរណាជាអ្នកព្រមលះបង់ផលប្រយោជន៍ ហើយនរណាជាអ្នកទទួលបានផលប្រយោជន៍?
ការពិបាកបំផុតគឺការស្វែងរកឱ្យឃើញថា សហរដ្ឋអាមេរិកត្រូវការអ្វីឱ្យពិតប្រាកដ ព្រោះអាចមិនមែនគ្រាន់តែជាល្បែងពាណិជ្ជកម្ម ប៉ុន្តែជាល្បែងផ្សេងដូចជា នយោបាយយោធា សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ ដែលថៃគួរតែស្វែងយល់ឱ្យបានច្បាស់លាស់ និងវាយតម្លៃអំពីគុណសម្បត្តិ និងគុណវិបត្តិ។
៣-អត់ទ្រាំ ៖ ប្រសិនថៃរកច្រកចេញមិនឃើញ គឺត្រូវអត់ទ្រាំ ឬត្រូវស្វែងរកសម្ព័ន្ធមិត្តដែលស្ថិតក្នុងស្ថានភាពដូចគ្នា កំពុងធ្លាក់ក្នុងសម្ពាធនិងការចរចារជាមួយសហរដ្ឋអាមេរិក នាំគ្នាផ្ដាច់ជើង។ បើធ្វើដូច្នេះបាន សហរដ្ឋអាមេរិក អាចនឹងឈឺចាប់មិនតិចទេ ហើយទីបញ្ចប់ថ្លៃពន្ធនឹងត្រូវបន្ធូរបន្ថយមកវិញ ដោយសាររងសម្ពាធពីក្នុងប្រទេសរបស់ខ្លួនវិញ។ ប៉ុន្តែហោចណាស់ត្រូវមានការអត់ទ្រាំ ព្រោះបើគ្រាន់តែរំពឹងដោយគ្មានផែនការច្បាស់ទេនោះ ថៃអាចនឹងកើតកលយុគដែលមិនមែនជាជម្រើសល្អទេ។
សម្រាប់លោកស្រី Kanchana Chokpaisansin នាយកស្រាវជ្រាវនៃ Kasikorn Research Center Co., Ltd. បានលើកឡើងថា លុយបាតបានធ្លាក់ចុះរយៈពេល ២ ខែចុងក្រោយនេះនៅត្រឹម ៣៤.៤៤ បាតក្នុង ១ ដុល្លារអាមេរិក (នៅអំឡុងពេលដែល ត្រាំ បានស្បថចូលកាន់តំណែងថ្មីៗ) បន្ទាប់មកឡើងចុះៗចន្លោះពី ៣៤.៣៦-៣៤.៣៨ ហើយនៅព្រឹកថ្ងៃទី ៣ មេសា (ម៉ោង ៩ ព្រឹកនេះ) លុយបាតហក់ឡើងមកវិញត្រឹម ៣៤.១៦បាតក្នុង១ដុល្លារអាមេរិក។
ទាំងអស់នេះ បើទោះបីជាការគាំទ្រយ៉ាងពេញទំហឹងពីប្រាក់យ៉េនក៏ដោយ ក៏ភាពរឹងមាំនៃតម្លៃមាសនៅក្នុងទីផ្សារពិភពលោក និងការបន្តសញ្ញាទិញសុទ្ធនៃរូបិយបណ្ណវត្ថុប្រទេសថៃដោយអ្នកវិនិយោគបរទេស នៅតែធ្វើឱ្យលុយបាតអាចបន្តហក់ឡើងវិញនៅព្រឹកថ្ងៃទី ៣ មេសានេះ ស្របតាមរូបិយប័ណ្ណអាស៊ីផ្សេងទៀតដែលដឹកនាំដោយប្រាក់យន់ ចំពេលមានមនោសញ្ចេតនាទន់ខ្សោយ និងបរិយាកាសវិនិយោគចួបហានិភ័យ។
បន្ទាប់ពីលោកប្រធានាធិបតី ដូ ណាល់ត្រាំ បានប្រកាសពន្ធសងសឹកទៅលើប្រទេសដៃគូពាណិជ្ជកម្មដែលដកហូតពន្ធច្រើនពីសហរដ្ឋអាមេរិកនោះ គឺបណ្ដាលឱ្យមានក្ដីកង្វល់ និងការវែកញែកជាច្រើនបានផ្ទុះឡើង ។ ដោយប្រទេសនីមួយៗ មានការព្រួយបារម្ភថា ស្ថានការណ៍នៃសង្គ្រាមពាណិជ្ជកម្មអាចកើតមានភាពតានតឺង ឬសម្ពាធជាច្រើន ដែលជះឥទ្ធិពលប៉ះទង្គិចដល់សេដ្ឋកិច្ចរបស់ប្រទេសជាច្រើនផ្សេងទៀត រួមទាំងប្រទេសថៃផងដែរ៕

