ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតបើកឆាកពូល K ក្រោយលត់ក្រុមជម្រើសជាតិហុងកុងអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល ៤-២ វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup នៅប្រទេសជប៉ុន ទីលាន J-Village នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។
៤គ្រាប់របស់ក្រុមជម្រើសជាតិកម្ពុជាសម្រេចដោយកីឡាករ៖
– សៀង ចន្ធា នៅនាទី៤០ ក្រោយទទួលបាល់យ៉ាងល្អពីមិត្តរួមក្រុម លឹម ពិសុទ្ធ
– សៀង ចន្ធា ដដែលបន្ថែមគ្រាប់ទី២នៅនាទី៥៤ ពីការបញ្ចូលបាល់របស់ ញាន សុស៊ីដាន់
– ស៊ិន កក្កដា បន្ថែមគ្រាប់ទី៣នៅនាទី៥៦ ក្រោយទទួលបាល់ពី សៀង ចន្ធា
– មិន រតនៈ ទាត់បញ្ចូលទីយ៉ាងស្អាតក្នុងនាទី៦០ បន្ថែមការនាំមុខគ្រាប់ទី៤ ក្រោយទទួលបាល់ពី ញាន សុស៊ីដាន់។
នេះជាជ័យជម្នះលើកទី២ហើយរបស់ក្រុមយុវជនកម្ពុជា លើក្រុមហុងកុង បន្ទាប់ពីឈ្នះលើកទី១ កាលពីជម្រុះក្នុងឆ្នាំ២០១៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលកាលនោះក្រុមកម្ពុជា យកឈ្នះហុងកុង ៣-២។ គ្រាប់បាល់ជ័យជម្នះលើកទី១ របស់កម្ពុជា រកបានដោយកីឡាករ សុះ ស៊ូហាណា, ភួង សុខសាណា និង នេន សុធារ័ត្ន។
បន្ទាប់ជួបហុងកុង នេះក្រុមកម្ពុជា ត្រូវបន្តជួបក្រុមម្ចាស់ផ្ទះជប៉ុន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខទៀត ដើម្បីស្វែងរកអ្នកខ្លាំងក្នុងពូល។