ក្របខណ្ឌលីគកំពូលចំនួន២គឺ Premier League របស់ប្រទេសអង់គ្លេស និង La Liga របស់ប្រទេសអេស្ប៉ាញ បានធ្វើការបដិសេធចំពោះផែនការរៀបចំ World Cup រាល់២ឆ្នាំម្តង របស់លោក Gianni Infantino ដែលជាប្រធាន FIFA នៅក្នុងសន្និសីទឯកជនមួយកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។
លីគកំពូលទាំង២បានបន្តទៀតថា៖ “យើងសូមប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងជាឯកច្ឆ័ន្ទនូវសំណើណាមួយដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup រៀងរាល់ពីរឆ្នាំម្តង ហើយយើង នឹងធ្វើការរួមគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រឆាំងចំពោះការសម្រេចចិត្តឯកតោភាគីដែលនឹងធ្វើឱ្យប៉ះពាល់ដល់បាល់ទាត់ក្នុងស្រុក ដែលជាមូលដ្ឋានគ្រឹះនៃឧស្សាហកម្មរបស់យើង និងមានសារៈសំខាន់បំផុតសម្រាប់ក្លិប កីឡាករ និងអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុបនិងពិភពលោក”។
ផែនការរបស់លោក Gianni Infantino និងលោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal បច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់របស់ FIFA ត្រូវរងការរិះគន់យ៉ាងចាស់ដៃដោយបណ្តាប្រទេសជាសមាជិកចំនួន៥៥។
ជាពិសេសសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) គឺលោក Aleksander Ceferin ក៏បានច្រានចោលគំនិតនេះផងដែរដោយលោកបានព្រមានថាបណ្តាប្រទេសនៅអឺរ៉ុបអាចធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ World Cup ប្រសិនបើផែនការរបស់ FIFA រៀបចំព្រឹត្តិការណ៍នេះធ្វើជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញផ្ទុយពីអឺរ៉ុប ដោយសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀន ហៅកាត់ថា CONCACAF បានបើកចំហគាំទ្រចំពោះគំនិតនៃការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង ដោយផ្តល់ថាវាបង្កើតរចនាសម្ព័ន្ធមានតុល្យភាពជាងមុនសម្រាប់ការប្រកួតនៅទូទាំងពិភពលោក៕
ប្រភព៖ insidethegames