យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹកថ្ងៃទី១០ ធ្នូ នេះ បានបញ្ជាក់ថាកម្ពុជា សម្រេចដកខ្លួន ចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ហើយ ដោយសារបារម្ភពីកត្តាសុវត្ថិភាព។

លិខិតផ្លូវការបន្ថែមថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជូនដំណឹងដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេមឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡាកម្ពុជា សម្ដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម ២០២៥ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកថៃ ចំពោះការទទួលបដិសណ្ឋារកិច្ច ឈរលើស្មារតីអ្នកកីឡាដល់អត្តពលិកកម្ពុជាកំឡុងពេលស្នាក់នៅនេះ។

សូមបញ្ជាក់ ថាប្រតិភូកីឡាកម្ពុជា បានបំពេញកាតព្វកិច្ចផ្លូវការទូតកីឡា និងច្បាប់កីឡាអន្តរជាតិ និងតំបន់ចប់សព្វគ្រប់ហើយ។
គួររំលឹកថា កាលពីថ្ងៃទី៣ ធ្នូ មុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ កម្ពុជា បានកាត់បន្ថយចំនួនប្រភេទកីឡាដែលត្រូវចូលរួមមកត្រឹម ១២ ប្រភេទ រួមមានអត្តពលិក និងមន្ត្រីសរុប ១៣៧ នាក់ ដែលមួយចំនួនបានចូលរួមក្នុងពិធីដង្ហែរក្បួនជាផ្លូវការនៅក្នុងពិធីបើកហើយ៕

