យុវជនរបស់ក្លិបបាល់ទាត់វិសាខា ចំនួន២រូបមានដូចជា អ្នកចាំទី ចន យូរ៉ូ និងកីឡាករ គឹម ឆាយហេង ត្រូវបានគ្រូបង្វឹកជ្រើសយកដើម្បីចូលរូមជាមួយក្រុមឈុតធំ សម្រាប់ត្រៀមប្រកួតពានរង្វាន់លីគកំពូលកម្ពុជា និងពាន​រង្វាន់សម្តេច​តេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ។

អ្នកចាំទី ចន យូរ៉ូ កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ គឺជាកីឡាករយុវជនរបស់ថ្នាលរបស់ក្លិបបាល់ទាត់វិសាខា ធ្លាប់បង្ហាញខ្លួនក្នុងពានរង្វានលីគយុវជនកម្ពុជា Cambodian Youth league អាយុក្រោម១៩ឆ្នាំ កាលពីឆ្នាំ២០២៤-២៥ និងពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ នៅរដូវកាលឆ្នាំ២០២៥-២៦ ។

ចំណែកឯកីឡាករ គឹម ឆាយហេង កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ ក៏ជាយុវជនថ្នាលរបស់ក្លិបបាល់ទាត់វិសាខា ដូចគ្នា ប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម ១៩ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំផ្ទាល់ ខណៈការបង្ហាញខ្លួនរបស់គេដែលតែជួយក្រុមទទួលបានពិន្ទុស្ទើរតែរាល់សប្តាហ៍។

កាលពីរដូវកាលឆ្នាំ២០២៤-២៥ នៃលីគកំពូលកម្ពុជា Cambodian Premier League កីឡាករ គឹម ឆាយហេង ក៏ធ្លាប់បានបង្ហាញខ្លួនលើទីលានលើកដំបូងឱ្យឈុតធំវិសាខា មួយលើកដែរ ដោយគ្រានោះរូបគេត្រូវផ្លាស់ប្តូរជំនួសកីឡាករ អ៊ិន សូដាវិត នៅក្នុងកីឡដ្ឋាន ISI Park ។

សូមជម្រាបថា បច្ចុប្បន្ននេះក្លិបបាល់ទាត់វិសាខា កំពុងផ្តោតលើការអភិវឌ្ឍ​ក្រុមយុវជនជាច្រើនរួមមាន៖ ក្រុមយុវជនអាយុក្រោម ១៤ឆ្នាំ,​ ក្រុមយុវជនអាក្រោម ១៦ឆ្នាំ, ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ និងក្រុមនារី។ ចំពោះក្រុមឈុតធំវិញ កំពុងមានភារកិច្ចប្រកួតពានរង្វាន់ធំៗដូចជាលីគកំពូលកម្ពុជា, ពានរង្វាន់សម្តេចតេជោ និងលីគអភិវឌ្ឍន៍ ជាដើម៕

Share.