បន្ទាប់ពីបទឈប់បាញ់សាជាថ្មីរយៈពេល ១ ខែ និង ៨ ថ្ងៃ ក្រោយមក ស្ថានភាពព្រំដែនកម្ពុជា-ថៃ បានឈានដល់ចំណុចក្តៅគគុកថ្មីមួយ បន្ទាប់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញមុខតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានរបស់ភាគីថៃដែលមិនអាចទទួលយកបាន ជាពិសេសសកម្មភាពដឹកនាំគណៈប្រតិភូអនុព័ន្ធយោធាបរទេស ចូលមកត្រួតពិនិត្យទីតាំងក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយគ្មានការអនុញ្ញាត គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបន្ទាត់ក្រហមនៃអធិបតេយ្យភាពជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះបានតវ៉ាយ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ដោយយោងតាមលិខិតតវ៉ារបស់កម្ពុជា តំបន់ដែលថៃចូលមកត្រួតពិនិត្យនោះ គឺជាទីតាំងដែលកងកម្លាំងយោថៃធ្លាប់បានប្រើកម្លាំងបាយកាន់កាប់ដោយខុសច្បាប់ និងបានរាយបន្លាលួស កាលពីចុងឆ្នាំ ២០២៥ កន្លងទៅ។ ការរៀបចំទស្សនកិច្ចជាផ្លូវការនៅទីនោះនាពេលនេះ ត្រូវបានគេមើលឃើញថាជា យុទ្ធសាស្ត្របង្វែរដានបិទបាំងការរំលោភទឹកដីនៃរដ្ឋអធិបតេយ្យមួយដោយខុសច្បាប់ឱ្យក្លាយជាស្របច្បាប់ និងបានបង្វែរជារឿងការបង្ក្រាបល្បែងអនឡាញ ក្នុងក្រសែភ្នែកអន្តរជាតិ។ កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនោះស្ថិតនៅក្បែរបង្គោលព្រំដែនលេខ ១៥ ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា ហើយការអនុវត្តអធិបតេយ្យរបស់ថៃលើទីតាំងនេះ គឺជាអំពើខុសច្បាប់ទាំងស្រុង។

យ៉ាងណាមិញ ទោះបីជាប្រឈមមុខនឹងការរំលោភបំពានដោយកម្លាំងបាយពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះតាមរយៈ មធ្យោបាយសន្តិភាព។ លិខិតតវ៉ារបស់ប្រមុខការទូតកម្ពុជា គឺជាសារព្រមានទៅកាន់ទីក្រុងបាងកកថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។

ដូច្នោះហើយការប្រើប្រាស់មន្ត្រីចារកម្មដើម្បីមកធ្វើការត្រួតពិនិត្យលើទឹកដីអធិបតេយ្យរបស់ប្រទេសដទៃ គឺជាសកម្មភាពបែបចាស់កំរិលដែលមិនគួរកើតមានក្នុងសតវត្សទី ២១ ឡើយ។ កម្ពុជាបានដើរតួនាទីជាអ្នកគោរពច្បាប់ ប៉ុន្តែក៏មិនអនុញ្ញាតឱ្យនរណាម្នាក់មកជាន់ឈ្លីបូរណភាពទឹកដីរបស់ខ្លួនបានតាមអំពើចិត្តនោះដែរ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សង្កត់ធ្ងន់ថា បញ្ហានេះទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ និងការដកថយនៃកងកម្លាំងឈ្លានពាន ដើម្បីរក្សាសន្តិភាពពិតប្រាកដសម្រាប់ប្រជាជាតិទាំងពីរ៕

Share.