តូក្យូ៖ គ្រោះធម្មជាតិព្រិលធ្លាក់ខ្លាំងមិនធម្មតានៅក្នុងប្រទេសជប៉ុន បានបង្កឱ្យមានសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ចុងក្រោយនេះ។ ស្ថានភាពនេះបានបង្ខំឱ្យរដ្ឋាភិបាលជប៉ុន សម្រេចដាក់ពង្រាយកងទ័ព ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងដែលកំពុងរងគ្រោះខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Japan Today នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយជប៉ុន បានកត់ត្រា ការធ្លាក់ព្រិលមានគំនរព្រិលកម្ពស់រហូតដល់ ៤.៥ម៉ែត្រពីដី នៅក្នុងខេត្ត Aomori ជាតំបន់ភាគខាងជើងដែលរងគ្រោះខ្លាំងបំផុត ហើយក៏ជាកន្លែងដែលមានអ្នកស្លាប់ជាច្រើន ក្នុងនោះរួមទាំងស្ត្រីអាយុ ៩១ឆ្នាំម្នាក់ដែលសាកសពត្រូវបានរកឃើញនៅក្រោមគំនរព្រិលកម្ពស់ ៣ម៉ែត្រនៅខាងក្រៅផ្ទះរបស់នាង។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបញ្ជាឱ្យក្រុមរដ្ឋមន្ត្រីទាំងអស់បញ្ចេញអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ឧបទ្ទវហេតុ និងកាត់បន្ថយចំនួនអ្នកស្លាប់បន្ថែមទៀត។ ដោយឡែក សាលារៀនជាច្រើនបានបិទទ្វារ ហើយសេវាដឹកជញ្ជូនសាធារណៈនានា ត្រូវបានផ្អាកក្នុងតំបន់មួយចំនួនផងដែរ។

បច្ចុប្បន្ន អាជ្ញាធរកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងរថយន្តដឹកទំនិញដើម្បីកាយជម្រះគំនរព្រិលចេញពីផ្លូវថ្នល់ និងលំនៅដ្ឋាន។ គិតចាប់តាំងពីថ្ងៃទី២០ ខែមករា មកទល់ពេលនេះ ស្ថានភាពនៅតែមានភាពប្រកាសអាសន្ននៅឡើយ ខណៈកងទ័ពកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះយ៉ាងសកម្ម។

សូមជម្រាបថា បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន គិតចាប់តាំងពីថ្ងៃទី២០ ខែមករា មកទល់ថ្ងៃអង្គារនេះ មានមនុស្ស ៣០នាក់បានស្លាប់ ដោយសារតែព្រិលធ្លាក់ខ្លាំង ក្នុងនោះរួមមានទាំងលោកយាយអាយុ ៩១ឆ្នាំម្នាក់ ដែលត្រូវគំនរព្រិលធ្លាក់ពីដំបូលផ្ទះសង្កត់លើ៕

ប្រភព៖ Japan Today

Share.