ជំនួបអាហារពេលព្រឹកនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាធានីភ្នំពេញ រវាង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន មិនមែនគ្រាន់តែជាជំនួបតាមបែបពិធីការទូទៅនោះទេ ប៉ុន្តែវាគឺជាសញ្ញាណដ៏រឹងមាំនៃការពង្រីកឥទ្ធិពលការទូតសភារបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លទ្ធផលដ៏លេចធ្លោបំផុតនៃជំនួបនេះ គឺការដែលកម្ពុជាទទួលយកធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ឬកញ្ញា ឆ្នាំ២០២៦។ ការទទួលយកតួនាទីនេះ គឺជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អន្តរជាតិមកលើកម្ពុជា ដោយ ប៉ាគីស្ថាន ដែលជាម្ចាស់គំនិតស្ថាបនិក ISC បានមើលឃើញពីសមត្ថភាព និងបទពិសោធន៍ដ៏ប៉ិនប្រសប់របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក។

ក្រោមតួនាទីជាអ្នកសម្របសម្រួលនិងដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបាននិងកំពុងបង្ហាញខ្លួនជា វេទិកានៃការសន្ទនា ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ប៉ាគីស្ថាននៅពេលនេះ គឺជាជំហានយុទ្ធសាស្ត្រក្នុងការបើកច្រកសេដ្ឋកិច្ច និងនយោបាយថ្មីៗ។ ប៉ាគីស្ថានគឺជាទីផ្សារដ៏ធំមួយដែលមានសក្តានុពលសម្រាប់ផលិតផលកសិកម្មកម្ពុជា ខណៈដែលកម្ពុជាអាចរៀនសូត្រពីបទពិសោធន៍ឧស្សាហកម្មមួយចំនួនពីប៉ាគីស្ថាន។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ នឹងជួយបង្កើតក្របខ័ណ្ឌច្បាប់ដែលគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការជំរុញសន្តិភាពប្រកបដោយចីរភាព។

មួយវិញទៀត អ្វីដែលគេមិនអាចមើលរំលងបាន គឺតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែបន្តប្រើប្រាស់បទពិសោធន៍ដ៏ក្រាស់ក្រែលក្នុងកិច្ចការងារការទូតនិងនយោបាយអន្តរជាតិ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ។ ការទូតសភាក្រោមគតិបណ្ឌិតរបស់សម្ដេច មិនមែនត្រឹមតែជាការរឹតចំណងមិត្តភាពជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែគឺការឈានទៅចាប់ដៃជាមួយមហាអំណាចមូស្លីម និងបណ្តាប្រទេសនៅអាស៊ីខាងត្បូងដូចជាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានជាដើម។

យ៉ាងណាមិញ ជំនួបរវាងប្រធានព្រឹទ្ធសភាទាំងពីរ គឺជាសក្ខីភាពនៃភាពជោគជ័យនៃនយោបាយការបរទេសកម្ពុជាដែលមិនឈរនៅទ្រឹង។ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភាឆ្នាំ ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលនឹងលើកមុខមាត់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ជាប្រទេសតូចតែមានបេះដូងធំ និងមានសមត្ថភាពជួបជុំមេដឹកនាំសភាជុំវិញពិភពលោក ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍរួមគ្នា៕

Share.