លោក Oriol Segura គ្រូបង្វឹករបស់ក្រុមអង្គរថាយហ្គឺរ បានថ្លែងថា៖ «ការហ្វឹកហាត់របស់ក្រុមគឺដំណើរការទៅបានយ៉ាងល្អ ពួកយើងមានការរៀបចំ និង ពេលវាល្អៗជាច្រើនជាមួយគ្នាមុនការប្រកួតនេះ។ យើងបានត្រៀមកីឡាករខ្មែររបស់ យើងរួចរាល់សម្រាប់ការប្រកួតប្រជែង និងរំពឹងថាអ្វីៗនឹងធ្វើបានល្អប្រសើរ»។
នេះជាការលើកឡើងរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញ រូបនេះមុនការប្រកួតទទួលក្រុមខេត្តព្រៃវែង នៅវេលាម៉ោង៣រសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន SRU ក្នុងទីរួមខេត្តសៀមរាប នៃវគ្គជម្រុះ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ នេះ។
គ្រូបង្វឹកខាងលើបន្ថែមថា៖«នៅក្នុងបាល់ទាត់យើងមិនអាចស្មានដឹងមុននោះទេ នេះមិនមែនជាការសងសឹក រដូវកាលមុននោះទេ យើងគោរពចំពោះលទ្ធផលឆ្នាំមុន។ បើខ្ញុំនិយាយថា សងសឹក វាហាក់បីដូចជាការគិតមួយដែលមិនមែនជាអ្នកអាជីពនៅក្នុងបាល់ទាត់។ តែជាការពិត យើងមានការគោរពចំពោះលទ្ធផលកន្លងមកទល់នឹងព្រៃវែង មិនមែនតែនៅក្នុងពានសម្តេចតេជោ ហ៊ុន សែន ព្រោះថាពួកគេ បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយកាលពីរដូវកាលមុន។ ចំពោះគម្រោងដែលគេមានចំពោះកីឡាករក្នុងស្រុក គឺពិតជាមានទេព កោសល្យ វ័យក្មេងនឹងមានគុណភាព។ នេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយ។ ម្យ៉ាងវិញទៀតខ្ញុំរពឹងថាយើងនឹងអាចទៅកាន់ជុំបន្តបន្ទាប់ទៀត»។
លោក Oriol Segura បន្តថា៖«សម្រាប់អ្នកគាំទ្រ ដូចយើងបានឃើញកាលប្រកួតចុងក្រោយក្នុងលីគអញ្ចឹង នៅពេល មានពួកគេមកចូលរួមជាមួយយើង នៅពេលពួកគេបានក្លាយជាចំណែកមួយនៃក្រុម នឹងជឿជាក់លើក្រុម អ្វីៗគ្រប់យ៉ាងគឺកាន់តែមានភាពងាយស្រួលសម្រាប់យើង។ ពួកគេ (អ្នកគាំទ្រ) ដើរតួយ៉ាងសំខាន់ ជាពិសេសបានជំរុញទឹកចិត្ត និងផ្តល់ជាកម្លាំង។ ខ្ញុំសង្ឃឹមថាពួកគេនឹងចូលរួមជាមួយយើងបន្តទៀតនៅកីឡដ្ឋាន អេស អ យូ ធ្វើឲ្យក្រុមមានភាពរឹងមាំរួមគ្នា និងយកឈ្នះទៅជុំបន្ទាប់ជាមួយគ្នា»។
លោកគ្រូបង្វឹកក្រុមនៅខេត្តសៀមរាប រូបនេះបញ្ជាក់ទៀតថា៖«ខ្ញុំគិតថាយើងមិនបានទទួលផលចំណេញពីការលេងត្រឹមមួយជើងឡើយ។ ជាការពិត ការលេងក្នុងទឹកដី និងក្រៅទឹកដី គឺជារឿងមយដ៏ល្អសម្រាប់ក្រុមក្នុងការនៅជិត អ្នកគាំទ្រ។ ប៉ុន្តែនៅពេលយើងលេងការប្រកួតពេញ ៩០នាទី អ្វីៗគ្រប់យ៉ាងគឺបើកចំហរ ដោយមិនមានភាគីណាមួយមានផលចំណេញជាងមួយណាឡើយ ដែលលេងដោយ ការផ្តោតអារម្មណ៏ខ្ពស់បំផុត»។
សូមបញ្ជាក់ថាក្រុមអង្គរថាយហ្គឺរ ធ្លាប់បានបរាជ័យដោយថ្វីជើងក្រុមខេត្តព្រៃវែង ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ កន្លងទៅ ដោយលទ្ធផលទាំង២ជើង ៥ទល់៤ ហើយកាលនោះក្រុមខេត្តព្រៃវែង បន្តឡើងរហូតដល់ឡើងដល់ដណ្តើមចំណាត់ថ្នាក់លេខ៣ប្រចាំឆ្នាំផងដែរ៕