កាលពីថ្ងៃទី៩ ខែសីហា នៅប្រទេសថៃ យុវជនអាយុ ១៣-១៥ឆ្នាំ មួយក្រុម បានដេញបាញ់គ្នាកណ្តាលភូមិ ដោយសាររឿងជម្លោះដណ្តើមស្រី ធ្វើឱ្យបុរសវ័យ ៦៣ឆ្នាំម្នាក់ដែលអង្គុយលេងមុខផ្ទះត្រូវគ្រាប់ដែលបាញ់ផ្លាត។
វេលាម៉ោងប្រមាណ ៤:០០រសៀល មានហេតុការណ៍ក្រុមក្មេងស្ទាវជិត ១០នាក់ បានបើកឆាកដេញបាញ់គ្នាយ៉ាងសាហាវឃោរឃៅ ដោយមិនកោតខ្លាចច្បាប់ នៅលើផ្លូវកណ្តាលភូមិ ណងវ៉ួសូ ស្រុកណងវ៉ួសូ ខេត្តឧត្តរថានី។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកភូមិម្នាក់ដែលកំពុងអង្គុយលេងនៅមុខផ្ទះត្រូវគ្រាប់ផ្លាតឆូតក រួចត្រូវសាច់ញាតិប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមការស៊ើបអង្កេត បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថងដា (Thongda) អាយុ ៦៣ឆ្នាំ ហើយបច្ចុប្បន្នបានចេញពីពេទ្យមកសម្រាកព្យាបាលនៅផ្ទះវិញហើយ។

តាមព័ត៌មានបឋម បង្ហាញថា ក្រុមយុវជនដែលពាក់ព័ន្ធមានអាយុចន្លោះពី ១៣ ដល់ ១៥ឆ្នាំ ជាក្រុមក្មេងមកពីភូមិផ្សេង ដែលបានដេញបាញ់ក្រុមក្មេងនៅក្នុងភូមិណងវ៉ួសូ ប៉ុន្តែបាញ់ខុសគោលដៅ បណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវអ្នកភូមិ។ ក្រោយកើតហេតុ ពួកគេបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយមក លោក អ៊ិទ្ធិពល ស៊ុយ៉ាឡា (Itthiphol Suyala) អភិបាលស្រុកណងវ៉ួសរ៉ រួមជាមួយសមត្ថកិច្ចប៉ូលីសនៃប៉ុស្តិ៍នគរបាលស្រុកណងវ៉ួសរ៉ បានចុះពិនិត្យទីតាំងកើតហេតុ និងតាមស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមវ័យក្មេងបង្កហេតុបានចំនួន ១០នាក់ ព្រមទាំងដកហូតវត្ថុតាងកាំភ្លើងច្នៃចំនួន ១ដើម។


តាមការសាកសួរ ក្រុមយុវជនទាំងនោះបានសារភាពថា មូលហេតុដែលដេញបាញ់គ្នានេះ គឺដោយសារមានជម្លោះដណ្តើមស្រីគ្នា។ ចំណែកប៉ូលីស ក៏បានបញ្ជាក់ថា ទោះបីជាជនរងគ្រោះមិនប្តឹងផ្តល់យកទោសពៃរ៍ក៏ដោយ ប៉ុន្តែហេតុការណ៍នេះនៅតែមានបទល្មើសពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងអាវុធគ្រឿងផ្ទុះ ដែលសមត្ថកិច្ចចាំបាច់ត្រូវពិនិត្យការពិត និងអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសក្នុងករណីដែលអ្នកបង្កហេតុជាកុមារ និងយុវជន។

ជាជំហានដំបូង ប៉ូលីសបានកាត់ណាត់ជួបជនរងគ្រោះដើម្បីសាកសួរព័ត៌មានបន្ថែម ព្រមទាំងរាយការណ៍ជូនថ្នាក់ដឹកនាំតាមនីតិវិធី និងបានសម្របសម្រួលជាមួយអាណាព្យាបាលដើម្បីនាំខ្លួនយុវជនពាក់ព័ន្ធមកសាកសួរចម្លើយរួមគ្នាជាមួយក្រុមការងារជំនាញចម្រុះ ដើម្បីបែងចែកសកម្មភាពរបស់បុគ្គលម្នាក់ៗថាមានការពាក់ព័ន្ធកម្រិតណា មុននឹងពិចារណាអនុវត្តតាមក្របខ័ណ្ឌច្បាប់កុមារ និងយុវជនបន្តទៀត..៕

