វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា បានឈានដល់ជំហានថ្មីមួយទៀតហើយ ដោយរោងចក្រដំឡើងរថយន្តទំនើបម៉ាក GAC ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានសមត្ថភាពអាចផលិត និងដំឡើងរថយន្តបានរហូតដល់ ១៥.០០០ គ្រឿងក្នុងមួយឆ្នាំ ព្រមទាំងជួយបង្កើតឱកាសការងាររាប់រយកន្លែងសម្រាប់ពលរដ្ឋក្នុងស្រុក និងចូលរួមបណ្តុះបណ្តាលបច្ចេកទេសយានយន្តកម្រិតខ្ពស់។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.)។

ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. គឺជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនយក្សចិន GAC International Co., Ltd. ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តផ្ទាល់នៅក្នុងខេត្តកំពង់ឆ្នាំង។ ការវិនិយោគ​នេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន THH IMPORT EXPORT Co., Ltd (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group) ដែលបានទទួលសិទ្ធិចែកចាយ និងលក់រថយន្ត ព្រមទាំងគ្រឿងបន្លាស់ម៉ាក GAC ផ្តាច់មុខនៅកម្ពុជា តាំងពីឆ្នាំ២០២០ មក។

គួរបញ្ជាក់ថា GAC Motor (Guangzhou Automobile Group Co., Ltd.) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំសម្បើមរបស់ចិន ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៥៥។ GAC គឺជាម៉ាកយីហោរថយន្តចិនតែមួយគត់ ដែលធ្លាប់ទទួលបានពានរង្វាន់គុណភាព J.D. Power ចំនួន ៨ ឆ្នាំជាប់ៗគ្នា លើផ្នែកគុណភាព ភាពធន់ និងទំនុកចិត្តខ្ពស់ពីអតិថិជន។ បច្ចុប្បន្ន ម៉ាកយីហោនេះកំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ រួមមាន តំបន់អាស៊ី អឺរ៉ុប អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា។

ដូច្នេះហើយ ការហក់ចូលមកបង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុករបស់ GAC តាមរយៈ TH Group (ដែលជាសមូហភាពអាជីវកម្មគ្របដណ្តប់លើវិស័យយានយន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ព្រមទាំងហាងលក់ទំនិញរាយ) ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ជាសញ្ញាវិជ្ជមានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនបរទេសមកលើស្ថិរភាពសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា៕

Share.