កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅខេត្តសៀមរាប ដើម្បីដោះស្រាយបញ្ហាប្រឈម រុញច្រានភាពជាអ្នកដឹកនាំ និងពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី ដែលជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចតំបន់។

ពិធីបើកសិក្ខាសាលានេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ត ផេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប និង ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ព្រមទាំងតំណាងវិស័យសាធារណៈ និងឯកជនជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម យៀប សំណាង បានគូសបញ្ជាក់ពីភាពរឹងមាំ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ប្រមាណ ១,៣ ទ្រីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ កន្លងទៅ ខណៈដែលទំហំវិនិយោគផ្ទាល់ (FDI) របស់ចិននៅក្នុងតំបន់អាស៊ាន មានចំនួនរហូតដល់ ២០ ប៊ីលានដុល្លារអាម៉េរិក។ តួលេខធ្លោទាំងនេះ គឺជាគ្រឹះយ៉ាងរឹងមាំក្នុងការបើកផ្លូវឱ្យសហគ្រិនស្ត្រីអាចទាញយកផលប្រយោជន៍ និងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់កម្រិតតំបន់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី គឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បង្កើតនវានុវត្តន៍ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចតំបន់។ សិក្ខាសាលានេះជាវេទិកាយុទ្ធសាស្ត្រសម្រាប់សហគ្រិនស្ត្រីក្នុងការផ្លាស់ប្តូរបទពិសោធន៍ បង្កើតបណ្តាញទំនាក់ទំនង និងប្រែក្លាយគំនិតអាជីវកម្មទៅជាឱកាសពាណិជ្ជកម្មជាក់ស្តែង។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយទទួលបានការគាំទ្រថវិកា និងបច្ចេកទេសពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ «មូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន» ដែលជាផ្នែកមួយនៃការបន្តពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងតំបន់ទាំងពីរ៕

