ទំនាក់ទំនងសេដ្ឋកិច្ច និងការទូតសភារវាងកម្ពុជា និងវៀតណាម ត្រូវបានពង្រឹងកាន់តែស៊ីជម្រៅមួយកម្រិតទៀត សំដៅរុញច្រានទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានទៅសម្រេចបានតាមចក្ខុវិស័យ ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងសេដ្ឋកិច្ចដ៏មានសារៈសំខាន់នេះ បានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្នុងឱកាសដែលគណៈប្រតិភូវៀតណាមអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលដៅសេដ្ឋកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ សូចនាករសេដ្ឋកិច្ចបានបង្ហាញថានិន្នាការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាមមានការកើនឡើងជាលំដាប់ ដោយនៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានរហូតដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ២០២៦ នេះ ត្រូវបានព្យាករថានឹងបន្តកើនឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិក ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការឈានទៅសម្រេចគោលដៅ ២០ ពាន់លានដុល្លារ។

ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន ពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍។ បន្ថែមពីនេះ រដ្ឋសភានៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការធ្វើបច្ចុប្បន្នកម្មអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ឱ្យស្របតាមសភាពការណ៍សេដ្ឋកិច្ចជាក់ស្តែង ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយយកប្រជាពលរដ្ឋជាស្នូល។

ជាមួយនឹងជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះសន្និសីទ ISC-2 ដែលមានសភាជាង ២០ ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៨ ចូលរួម ការរៀបចំវេទិកាការទូតសភានេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងជាកាតាលីករជួយសម្រួលដល់ការប្រែក្លាយកិច្ចព្រមព្រៀង និងទស្សនវិស័យសេដ្ឋកិច្ចឱ្យចេញជាលទ្ធផលជាក់ស្តែង បម្រើដល់ផលប្រយោជន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជាតិទាំងពីរផងដែរ៕

Share.