កីឡដ្ឋានស្វាយរៀង បានសម្ពោធបើកការប្រកួតជាផ្លូវការហើយ ដែល​បង្ហាញ​វត្តមាន​ការប្រកួត​រវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង យក​ឈ្នះក្លិបកងយោធពលខេមរភូមិន្ទ(ទ័ព) ក្នុង​លទ្ធផល ៤ទល់និង០ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជំនួបសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រនៅខេត្តស្វាយរៀង។


 
មុនចាប់ផ្ដើមការប្រកួតដំបូង ក្រោយបើកដំណើរការកីឡដ្ឋានឡើងវិញ ក៏មានពិធីកាត់ខ្សែបូសម្ពោធកីឡដ្ឋានស្វាយរៀងជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រី ភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ និងអ្នកគាំទ្រសរុបប្រមាណ ៧,០០០នាក់ ដែលបានចូលរួមទស្សនា និងអបអរសាទរសមិទ្ធផលថ្មីនេះ។


 
នេះគឺជាការបើកទំព័រថ្មី ជាមួយសមិទ្ធផលដ៏អស្ចារ្យ ដែលក្លិបព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់ឯកឧត្តម ឌី វិជ្ជា បានខិតខំកសាង និងអភិវឌ្ឍន៍ សម្រាប់បម្រើឲ្យលើសពីការប្រកួត តែផ្ដល់នូវប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង និងសង្គមជាតិ។ កីឡដ្ឋាននេះ ត្រូវបានបិទទ្វារទាំងស្រុង តាំងពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីសាងសង់កែលម្អឲ្យមានស្ដង់ដារ និងធំជាងមុន រហូតដល់ខែកញ្ញានេះ ទើបក្លិបសម្ពោធបើកដំណើរការឡើងវិញ ដើម្បីស្វាគមន៍លីគរដូវកាលថ្មីតែម្ដង។


 
សម្រាប់ការផ្លាស់ប្ដូរ និងការវិវត្ដន៍ថ្មីៗ នៃកីឡដ្ឋានស្ដង់ដារ ដែលមានមូលដ្ឋាននៅកណ្ដាលក្រុងស្វាយរៀង បន្ទាប់ពីការសាងសង់កែលម្អឡើងវិញ គឺមានចំណុចទាក់ទាញជាច្រើន ពិសេសរូបភាពជារួមនៃកីឡដ្ឋានទាំងមូល ដែលមានភាពប្រណីត ស្រស់ស្អាតជាងខ្លាំង ។ បន្ថែមលើនេះ ក្លិបបានពង្រីកសមត្ថភាពផ្ទុកអ្នកទស្សនារហូតដល់ជាង ៧ពាន់នាក់ ក៏ដូចជាការធ្វើទំនើបកម្មទីលាន ដោយមានបំពាក់នូវប្រព័ន្ធភ្លើង LED ជុំវិញទីលាន និងតំបន់សំខាន់ៗជាច្រើនក្នុងកីឡដ្ឋាន ជាមួយរចនាបែបទំនើប ដែលផ្ដល់នូវផាសុខភាពសម្រាប់អ្នកទស្សនា ក៏ដូចជាការថតរូបកម្សាន្ដជាដើម។


 
ជាមួយការវិលត្រឡប់មកប្រកួតនៅទឹកដីខេត្តស្វាយរៀងនេះដែរ ក្រៅពីអ្នកគាំទ្រ គេឃើញប្រជាពលរដ្ឋទូទៅ ពិសេសអ្នកប្រកបរបរទទួលទាននៅជុំវិញកីឡដ្ឋានស្វាយរៀង បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដ្បិតរាល់ការប្រកួតម្ដងៗ មិនត្រឹមផ្ដល់នូវភាពសប្បាយរីករាយជូនអ្នកគាំទ្របោះទេ ប៉ុន្ដែថែមទាំងបង្កើតឱកាសសេដ្ឋកិច្ចយ៉ាងច្រើនដល់អាជីវករ និងអ្នកលក់ដូនៅក្នុងតំបន់ទៀតផង៕

Share.