ខេត្តកណ្តាល៖ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ រដ្ឋបាលខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអាជ្ញាធរខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ «ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ជ្រៃធំ-ខាញ់ប៊ិញ» យ៉ាងអធិកអធម។ ការដាក់ឱ្យដំណើរការច្រកព្រំដែននេះ បានធ្វើឡើងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ ដែលត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សេដ្ឋកិច្ច និងការទូតដ៏មានសារៈសំខាន់បំផុតមួយ ដើម្បីពង្រីកទំហំសេដ្ឋកិច្ច និងសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។

ព្រឹត្តិការណ៍នេះអាចចាត់ទុកថា ជាការដំឡើងកម្រិត នូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ដែលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតខ្ពស់នៃទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ វាមិនត្រឹមតែជាច្រករបៀងអន្តរកម្មរវាងខេត្តកណ្តាល និងខេត្តអានយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់យុទ្ធសាស្ត្រក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្ម រវាងទីផ្សារនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។

ការពង្រីកវិសាលភាពនៃច្រកទ្វារព្រំដែននេះ នឹងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះក៏បានជួយជំរុញកំណើននៃការនាំចេញ និងនាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជាទូទាំងប្រទេសទាំងពីរ ឱ្យមានល្បឿនលឿន រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលាដឹកជញ្ជូន។ មួយវិញទៀត ច្រកអន្តរជាតិផ្លូវគោកមួយនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ធុរជន និងទេសចរអន្តរជាតិ ដែលចង់ធ្វើដំណើរកម្សាន្ត ឬបណ្តាក់ទុនរកស៊ីរវាងព្រំដែនទាំងពីរប្រកបដោយភាពងាយស្រួល។

សូមជម្រាបថា ច្រកទ្វារព្រំដែនគោកអន្តរជាតិ ជ្រៃធំ-ខាញ់ប៊ិញ បានជួយពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើសឆ្លងដែន និងការកសាងតំបន់ព្រំដែនឱ្យក្លាយជា «ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រីកចម្រើន»។ ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខាញ់ប៊ិញ នាពេលនេះ គឺជាបោះជំហានទៅមុខយ៉ាងសំខាន់បន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្ពស់ឡើងថែមទៀត និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងភាគីវៀតណាមដឹកនាំដោយ ឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លើសពីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម យ៉ាងច្រើនកុះករផងដែរ៕

Share.