ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា See You Soon លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang ធ្វើបានកំណត់ត្រាខ្ពស់បំផុតរបស់ខ្លួនសម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក M3 World Championship រៀបចំដោយ Moonton Games នៅប្រទេសសិង្ហបុរីពីថ្ងៃទី៦ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
ក្នុងនាមជើងឯក MPL KH រដូវកាលទី១ ក្រុម See You Soon បានកាន់ទង់ជាតិកម្ពុជាដោយមោទនភាពទៅចូលរួមប្រកួតជើងឯកពិភពលោក M3។ នៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល ក្រុមតំណាងកម្ពុជាមួយនេះធ្វើមិនបានល្អទេ។ ចាញ់៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល C ក្រុម See You Soon មិនទាន់អស់ឱកាសទេដោយធ្លាក់មកប្រកួតវគ្គ Lower Bracket ដែលជាតំបន់ក្រុមចាញ់ពីវគ្គក្នុងពូលដើម្បីបន្តក្តីសង្ឃឹមទៅវគ្គបន្ត។ វគ្គនេះ ក្រុមកម្ពុជាបានបានបង្កើតការភ្ញាក់ផ្អើល និងលើសពីការរំពឹងទុកនៅពេលបានលត់ក្រុមជម្រើសជាតិប្រេស៊ីល RED CANIDS ដោយលទ្ធផលពីរហ្គេមគឺ ២-០ ដើម្បីទៅវគ្គបន្ទាប់ជួបក្រុមម៉ាឡេស៊ី។
ការប្រកួតជាមួយក្រុមម៉ាឡេស៊ីគឺជាឱកាសស្វែងទៅវគ្គ៨ក្រុមចុងក្រោយ ហើយបានបើកការនាំមុខ TDK ហ្គេមទី១គឺ ១-០។ ប៉ុន្តែនៅក្រុមម៉ាឡេស៊ីនេះបានវាយបកវិញឈ្នះពីរហ្គេមដើម្បីបញ្ចប់ការប្រកួតក្រុម See You Soon ចាញ់ ១-២។ នេះជាការចូលរួមប្រកួតលើកដំបូងរបស់ក្រុមតំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M3 World Championship បន្ទាប់ពីជើងឯកនេះបានរៀបចំ៣លើកមកហើយគិតទាំងឆ្នាំ២០២១នេះ។ ប្រការនេះមានន័យថា ក្រុមកម្ពុជាបានរៀនពីការចាញ់ដើម្បីអភិវឌ្ឍខ្លួនរហូតស្គាល់ជ័យជម្នះដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខ្លួនលើឆាកអន្តរជាតិ។ ចប់ព្រឹត្តិការណ៍នេះ See You Soon ស្ថិតនៅចំណាត់ថ្នាក់លេខ៩ដោយឈរពីលើក្រុមផ្សេង៧ក្នុងចំណោមក្រុមចូលរួម១៦មកពីប្រទេសផ្សេងៗ និងទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិកត្រឡប់មកមាតុភូមិវិញ។
ព្រឹត្តិការណ៍ធំអស្ចារ្យដែលផ្តល់ជូនអ្នកគាំទ្រនៅកម្ពុជាទូទាំងប្រទេសមានការចូលរួមឧបត្ថម្ភ និងដៃគូសហការដូចជាក្រុមហ៊ុនទូរសព្ទ Smart, ភេសជ្ជៈ Sting, ធនាគារស្ថាបនា, ក្រុមដឹកជូនអាហារ Foodpanda និងរថយន្ត LMCar។ ជាពិសេសមានការចូលរួមលើកទឹកចិត្តខ្លាំងពីអ្នកគាំទ្រ និងតារាបាល់ទាត់ល្បីៗដូចជា ចាន់ វឌ្ឍនាកា, ធារី ចន្ថាប៊ីន, តារាស្រីល្បុក្កតោ ពេជ្រ ចរណៃ ព្រមទាំងតារាចម្រៀងល្បីៗដូចជា ចិត្ត កញ្ចនា 4T5 ជី ដេវីត និងតារាចម្រៀងផ្សេងៗទៀតនៅក្នុងវិស័យផ្សេងៗទៀតបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយបាននិពន្ធបទចម្រៀងចំណងជើង”អាណាចក្រអ្នកចម្បាំង Kingdom of Warriors”ដើម្បីលើកទឹកចិត្តក្រុមអេឡិចត្រូនិកជម្រើសជាតិកម្ពុជា។
សម្រាប់ជើងឯកបានទៅលើក្រុមហ្វីលីពីន The Blacklist International ប៉ុន្តែក្រុមនេះប្រកួតសន្សំពិន្ទុក្នុងពូលចាញ់ក្រុមអាមេរិកខាងជើង BTK ដោយលទ្ធផល ៣-២ និងបានធ្លាក់មកតំបន់ Lower Bracket។ យ៉ាងណា នៅវគ្គនេះពួកគេបានផ្តួលដៃគូ៥ប្រកួតជាប់គ្នាដើម្បីក្លាយជាជើងឯក។
អ្វីដែលគួរឲ្យកត់សំគាល់គឺ ក្រុមហ្វីលីពីនទាំងពីរឡើងវគ្គផ្តាច់ព្រ័ត្រដែលក្រុម The Blacklist International ចំណាយពេលតែ៤ហ្គេមប៉ុណ្ណោះក្នុងចំណោម៧ហ្គេមដើម្បីផ្តួលមិត្តរួមជាតិ ONIC PH ដោយលទ្ធផល ៤-០ ដើម្បីក្លាយជាជើងឯកពិភពលោក M3 រដូវកាលទី៣ជាមួយនឹងប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក។ សមាជិកក្រុមរបស់ The Blacklist International កីឡាករ laner OHEB បានក្លាយជាកីឡាករឆ្នើម (MVP) ប្រចាំព្រឹត្តិការណ៍៕
សម្រាប់ប្រាក់រង្វាន់សរុប៨០ម៉ឺនដុល្លារអាមេរិក ហើយក្រុមនីមួយៗទទួលបានដូចខាងក្រោម៖
ចំណាត់ថ្នាក់ | ក្រុម | ប្រាក់រង្វាន់ |
ជើងឯក | ក្រុម The Blacklist International (ហ្វីលីពីន) | ៣០០,០០០ដុល្លារ |
លេខ២ | ក្រុម ONIC PH (ហ្វីលីពីន) | ១២០,០០០ដុល្លារ |
លេខ៣ | ក្រុម BTK (អាមេរិកខាងជើង) | ៨០,០០០ដុល្លារ |
លេខ៤ | ក្រុម EVOS SG (សិង្ហបុរី) | ៥៥,០០០ដុល្លារ |
លេខ៥និង៦ | ក្រុម TODAK (ម៉ាឡេស៊ី) និង RRQ Hoshi (ឥណ្ឌូណេស៊ី) | ៤០,០០០ដុល្លារដូចគ្នា |
លេខ៧និង៨ | ក្រុម Natus Vincere (តំបន់ CIS) និង Keyd Stars (ប្រេស៊ីល) | ៣០,០០០ដុល្លារដូចគ្នា |
លេខ៩ ១០ ១១ និង១២ | See You Soon (កម្ពុជា), RSG SG (សិង្ហបុរី), BEDEL (តួកគី) និង ONIC Esports (ឥណ្ឌូណេស៊ី) | ១៥,០០០ដុល្លារដូចគ្នា |
លេខ១៣ ១៤ ១៥ និង១៦ | RED Canids (ប្រេស៊ីល), Malvinas Gaming (អាមេរិកឡាទីន), GX Squad (មជ្ឈិមបូព៌ា) និងTeam SMG (ម៉ាឡេស៊ី) | ១០,០០០ដុល្លារដូចគ្នា |