យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath ដែលដកស្រង់ចេញពីសារព័ត៌មាន ABC News បានចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញក្ដីកង្វល់ជាខ្លាំង បន្ទាប់ពីបានរកឃើញមេរោគ Omicron បំប្លែងខ្លួនថ្មីនៅក្នុងសត្វក្តាន់ព្រៃកន្ទុយ ពណ៌ស ដែលមានរស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃមេរោគថ្មីៗ ចេះតែបំប្លែងខ្លួនទៅជាទម្រង់មេរោគផ្សេងៗទៀត ដែលគួរឱ្យភ័យខ្លាច។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125553/image_2022-02-09_14-15-14.png)
ក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីសាកលវិទ្យាល័យ Pennsylvania ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានធ្វើតេស្តឈាម និងយកសំណាកសត្វក្តាន់ព្រៃកន្ទុយស ចំនួន ១៣១ក្បាល នៅលើកោះ Staten ។ លិទ្ធផលបានបង្ហាញថា មានសត្វក្ដាន់ ១៥ % ក្នុងចំនួនមានភាពស៊ាំប្រឆាំងនឹងវីរ៉ុសកូវីដ-១៩ ដែលមានន័យថា ពួកវាមិនឆ្លងកូវីដ-១៩។ ក្រៅពីនោះហានិភ័យខ្ពស់ នៃការឆ្លងមេរោគបំប្លែងថ្មី ដែលធ្លាប់កើតមានដូចនៅក្នុងខ្លួន សត្វកណ្ដុរ។ សហរដ្ឋអាមេរិកមានសត្វក្តាន់ជិត ៣០លានក្បាល ដែលក្នុងករណីឆ្លងមេរោគ Omicron បំប្លែងខ្លួនថ្មីនេះ អាចនឹងមានការរីករាលដាលដល់សត្វផ្សេងទៀតបានផងដែរ។ ក៏ប៉ុន្ដែនៅមិនទាន់មានភ័ស្តុងតាងណា ដែលបង្ហាញថា សត្វអាចចម្លងមេរោគថ្មីនេះមកកាន់មនុស្សវិញនៅឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125552/image_2022-02-09_14-16-04.png)
យ៉ាងណាមិញ វេជ្ជបណ្ឌិត Suresh Kuchipudi សាស្ត្រាចារ្យផ្នែកមេរោគនៅរដ្ឋ Penn State និងជាអ្នកដឹកនាំការស្រាវជ្រាវមេរោគបំប្លែងខ្លួនថ្មី បានប្រាប់សារព័ត៌មាន ABC Newsថា នេះជាការបង្ហាញជាលើកដំបូងដែលវ៉ារ្យ៉ង់មេរោគ Omicron បានជ្រាបចូលទៅក្នុងប្រភេទសត្វព្រៃ ហើយវានឹងបន្តឆ្លងរីករាលដាលខ្លាំងឡើងៗ គួរជារឿងព្រួយបារម្ភ។ មានការសង្ស័យមួយបានបង្ហាញថា សត្វក្តាន់បានមានទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស ឬក្រុមមនុស្សចូលទៅជិតពួកវា ឬក៏ចិញ្ចឹមពួកវា ហើយវាចាប់ឆ្លងមេរោគនោះមកតែម្ដង។ មួយទៀតគឺ សត្វក្តាន់បានធ្វើអន្តរកម្មជាមួយសត្វផ្សេងទៀតដូចជា ឆ្មា ដែល បាន ឆ្លងមេរោគកូវីដ១៩ ពីមនុស្ស។
![](https://cdn.troryorng.com/wp-content/uploads/2022/02/28125552/image_2022-02-09_14-17-11.png)
បន្ថែមពីលើពីនេះ ពិភពលោកទាំងមូលមានសត្វឆ្កែ ឆ្មា ខ្លា តោ ខ្លារខិនស កណ្ដុរនិងសត្វហ្គោរីឡា ដែលបានឆ្លងមេរោគ កូវីដ១៩ ពី មនុស្ស មកដល់បច្ចុប្បន្ននៅមិនទាន់មានវ៉ាក់សាំងសម្រាប់សត្វនៅឡើយទេ៕
ប្រភព៖ Thairath & ABC News
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)