សារព័ត៌មានថៃនៅថ្ងៃទី៣ ខែមីនា នេះបានឱ្យដឹងថា នៅក្នុងថ្ងៃនេះមានប្រជាជនថៃចំនួន ៤០នាក់បន្ថែមទៀត បានភៀសខ្លួនពីអ៊ុយក្រែនវិលត្រឡប់ទៅប្រទេសកំណើតវិញ និងខ្លះទៀតភៀសទៅកាន់ប្រទេសក្បែរខាងនៅតំបន់អឺរ៉ុបដែលមានសុវត្ថិភាពជាងអ៊ុយក្រែន។
រហូតមកដល់ពេលនេះ មានជនជាតិថៃចំនួន ២០៣នាក់ បានចាកចេញពីប្រទេសអ៊ុយក្រែនតាមជើងយន្ដហោះ រថភ្លើងច្រើនជាងការធ្វើដំណើរតាមរថយន្ដដែលមានការកកស្ទះខ្លាំង និងប្រឈមជាមួយគ្រោះថ្នាក់នៃសង្គ្រាម។ ទោះជាយ៉ាងក្ដី នៅក្នុងនោះក៏មាន ជនជាតិថៃ ៣១នាក់បានបង្ហាញគោលជំហរស្ម័គ្រចិត្តស្នាក់នៅប្រទេសអ៊ុយក្រែនដដែល ដោយសារតែពួកគេគ្រួសារនៅទីនោះទៅហើយ។
យ៉ាងណាមិញ មួយសប្ដាហ៍នៃសង្គ្រាម តាមបណ្ដាព្រំដែនរបស់បណ្ដាប្រទេសផ្សេងៗ ពលរដ្ឋអ៊ុយក្រែនយ៉ាងច្រើនកកកុញបានកំពុងព្យាយាមរត់ភៀសខ្លួន។ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានសម្រុកទៅកាន់ស្ថានីយរថភ្លើង Dnipro ខណៈពួកគេព្យាយាមឡើងជិះរថភ្លើងចាកចេញពីទីក្រុងនេះ និងភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ី។ ពលរដ្ឋភាគច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Lviv ក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកខ្លះទៀតភៀសខ្លួនចូលទៅកាន់អឺរ៉ុបដោយមានវ៉ាលីសំលៀកបំពាក់ និងបង្ហាញក្ដីសង្ឃឹមថានឹងមានសុវត្ថិភាព។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនភៀសខ្លួន១លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ការឈ្លានពានរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន៕
ប្រភព៖ Thaipbs