បន្ទាប់ពីការប្រកួតវិលជុំសន្សំពិន្ទុអស់ពេលជាច្រើនសប្តាហ៍ លីគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញក្រុមខ្លាំង៤ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
នេះជាការប្រកួតវិលជុំសន្សំពិន្ទុដ៏ស្វិតស្វាញ និងរំភើបរីករាយបំផុតដោយក្រុមខ្លាំងទាំង៨បានជួបប្រកួតគ្នាទាំងអស់។ ក្រោយការប្រកួតសន្សំពិន្ទុជាច្រើនសប្តាហ៍ ក្រុមខ្លាំង Impunity KH ទទួលបានពិន្ទុច្រើនជាងគេដើម្បីឈរលើកំពូលតារាង ហើយក៏មានសមាជិកក្រុមជាច្រើនបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុមនីមួយៗដោយសារពួកគេប្រកួតបានល្អឥតខ្ចោះ។
លទ្ធផលការប្រកួតវគ្គខ្វែង ក្រុម Team MAX ទទួលបានជ័យជម្នះពីការប្រកួតដ៏ស្វិតស្វាញដោយលទ្ធផលបច្ចេកទេស ៣-២ លើក្រុម Logic Esports ដើម្បីបានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ស្របពេល ក្រុមខ្លាំង Impunity KH ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយបានលត់ក្រុម Infamous LG ដោយលទ្ធផលតដៃមិនរួច ៣-០។
ចំណែកក្រុម Burn X Plax ក៏បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុម DG Quantum ដោយលទ្ធផល ៣-១ ខណៈក្រុមល្បីឈ្មោះ See You Soon បានលត់ក្រុម Divinity SaGa ដោយលទ្ធផលតដៃមិនរួច ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣-២៤ ខែមេសានេះចាប់ពីវេលាម៉ោង១១នាទីព្រឹកទៅនៅផ្សារទំនើបអ៊ីអនសែនសុខ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងព័ត៌មានពីកម្មវិធីប្រកួតតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ MLBB KH FB។
អ្នកគាំទ្រទាំងអស់អាចអញ្ជើញចូលរួមទស្សនា និងគាំទ្រដល់ការប្រកួតវគ្គសំខាន់ជាមួយនឹងសកម្មភាពសប្បាយរីករាយដោយក្រុមតារាកិត្តិយស និងក្រុមកីឡាករសំណព្វចិត្តរបស់លោកអ្នកនៅផ្សារអ៊ីអនសែនសុខ។
ចាប់ដៃគូជាមួយក្រុមហ៊ុនទូរសព្ទ Smart និងគាំទ្រដោយបណ្តាញទំនាក់ទំនងសង្គម TikTok និងភេសជ្ជៈ Sting មានរដូវកាលនេះមានក្រុមជាង៤៦០បានចុះឈ្មោះចូលរួមប្រកួតក្នុងវគ្គជម្រុះដែលរៀបចំឡើងដោយក្រុមហ៊ុន MOONTON Games។
ប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារសម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម
•លេខ១៖ ១៦ ០០០ ដុល្លារអាមេរិក
•លេខ២៖ ៨ ០០០ ដុល្លារអាមេរិក
•លេខ៣៖៥ ០០០ ដុល្លារអាមេរិក
•លេខ៤៖ ៣ ០០០ ដុល្លារអាមេរិក
•លេខ៥៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៦៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៧៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៨៖ ២ ០០០ ដុល្លារអាមេរិក
សូមបញ្ជាក់ថាក្រុមហ៊ុន MOONTON បានបង្កើតនៅឆ្នាំ២០១៤ Moonton ជាក្រុមហ៊ុនវីដេអូហ្គេមសកលមួយដែលផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាអេឡិចត្រូនិក។ បុគ្គលិកជាង១០០០នាក់ទូទាំងពិភពលោក ក្រុមហ៊ុនបើកការិយាល័យនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងចិន។ ក្រុមហ៊ុនបានបើកសម្ពោធហ្គេមតាមទូរសព្ទដៃដ៏ជោគជ័យលំដាប់ពិភពលោកជាច្រើន និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡាអេឡិចត្រូនិកជាង៣០ទូទាំងពិភពលោក។
ចំពោះ Mobile Legends: Bang Bangជាវេទិកាប្រកួតអនឡាញតាមទូរសព្ទដៃដ៏ពេញនិយមបំផុត (MOBA) ដែលប្រមូលផ្តុំអ្នកលេងប្រកបដោយស្មារតីក្រុម និងយុទ្ធសាស្ត្រ។ អ្នកទាញយកប្រើជាង១ពាន់លាននាក់ និងមានអ្នកលេងសកម្ម១០៥លាននាក់ប្រចាំខែ។ វិញ្ញាសានេះឈ្នះពានរង្វាន់ក្នុងចំណោមវិញ្ញាសាដែលត្រូវបានលេងច្រើនជាងគេបំផុតកំពូលទាំង១០ក្នុងចំណោមជាង១២០ប្រទេស។ វាត្រូវបានលេងពេញទូទាំងតំបន់អាស៊ីប៉ាស៊ី អ្នកលេងច្រើនបំផុតមានដល់១៩០ប្រទេសទាំងពិភពលោក។
ចំណែកកីឡាអេឡិចត្រូនិក Mobile Legendsបង្កើតនៅឆ្នាំ២០១៧ Mobile Legends: Bang Bang Esports ជាវិញ្ញាសាកីឡាអេឡិចត្រូនិកសម្រាប់អ្នកនិយមលេងតាមទូរសព្ទដៃដើម្បីបំពេញក្តីស្រមៃរបស់ពួកគេក្លាយជាអត្តពលិកឡេអិចត្រូនិកអាជីព និងជាឱកាសជួបជាមួយអត្តពលិកទូទាំងពិភពលោក។ វិញ្ញាសាកីឡាអេឡិកត្រូនិក MLBB Esports បាន និងកំពុងពង្រីកការប្រកួតលក្ខណៈលីគអាជីពជាច្រើន រាប់ការបញ្ចូលជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩៕