ក្រុមបាល់ទះ Paykan Tehran VC មកពីប្រទេសអ៊ីរ៉ង់ បានក្លាយជាម្ចាស់ជើងឯកក្លិបបាល់ទះប្រចាំទ្វីបអាស៊ីឆ្នាំ២០២២ (2022 Asian Men’s Club Volleyball Championship) និងបន្តជាក្រុមឈ្នះជើងឯកពានរង្វាន់នេះច្រើនសម័យកាលជាងគេរហូតដល់៨លើក គិតចាប់តាំងពីពានរង្វាន់នេះបង្កើតឡើងដំបូងពីឆ្នាំ១៩៩៩មក។
2022 Asian Men’s Club Volleyball Championship រៀបចំឡើងនៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១៤ដល់២០ ខែឧសភា ឆ្នាំ២០២២ ដោយមានក្រុមខ្លាំងៗមកតំបន់នានាជុំវិញទ្វីបចំនួន៨ក្រុម។ ក្រុមទាំង៨ចែកចេញជា២ពូល ក្រោយមកត្រូវប្រកួតវគ្គ៨ក្រុមចុងក្រោយ និងបន្តជម្រុះដល់វគ្គផ្ដាច់ព្រ័ត្រ។
នៅវគ្គផ្ដាច់ព្រ័ត្រក្រុម Paykan Tehran VC បានយកឈ្នះលើក្រុមSuntory Sunbirds របស់ជប៉ុន ដោយលទ្ធផល ៣សិតទល់២សិត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២២ ថ្មីៗនេះ ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង៧ពាន់នាក់ ដោយប្រើថិរវេលា២ម៉ោង២៨នាទី។
ដូច្នេះក្នុងនាមជាម្ចាស់ជើងឯកកម្រិតទ្វីបអាស៊ី ក្រុម Paykan Tehran VC នឹងតំណាងទ្វីបអាស៊ីទៅចូលរួមប្រកួតពានរង្វាន់កម្រិតពិភពលោក FIVB Volleyball Men’s Club World Championship។
ក្រុម Paykan Tehran VC ឈ្នះជើងឯកAsian Men’s Club Volleyball Championship ៨សម័យកាល ខណៈពានរង្វាន់នេះរៀបចំឡើងរាល់១ឆ្នាំម្តង ដោយក្នុងនោះឈ្នះនៅឆ្នាំ២០០២,២០០៦,២០០៧,២០០៨,២០០៩,២០១០,២០១១និង២០២២។ ក្រៅពីនោះក្រុមដែលមានអាយុ៥៦ឆ្នាំមួយនេះធ្លាប់ឈ្នះជើងឯករង២លើកនៅឆ្នាំ២០០០ និង២០០៤ និងឈ្នះមេដាយសំរឹទ្ធិ២លើកនៅឆ្នាំ១៩៩៩ និង២០១៥។
ក្នុងចំណោម២២លើកមកនេះ ប្រទេសអ៊ីរ៉ង់ ធ្លាប់ឈ្នះពានរង្វាន់ Asian Men’s Club Volleyball Championship រហូតដល់១៦សម័យកាលម្នាក់ឯង បើបូកក្រុមPaykan Tehran ៨លើក Shahrdari Varamin ២លើក Sarmayeh Bank Tehran ២លើក, Sanam Tehran ១លើក, Kalleh Mazandaran ១លើក, Khatam Ardakan ១លើក, Foolad Sirjan ១លើក៕