ភ្នំពេញ ៖ យុវជន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌដង្កោស្ទាក់ក្របួចចាប់បានភ្លាមៗ សង្ស័យពាក់ព័ន្ធក្នុងសកម្មភាពបទល្មើសធ្លាក់ផ្តួលម៉ូតូអ្នកដំណើរ២នាក់ប្តីប្រពន្ធ ប៉ុនប៉ងយកតែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចមុខផែស្ងួតកុងតឺន័រ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងល្បាតប្រទះជួបដេញតាមស្ទាក់ចាប់បាន ត្រង់ចំណុចផ្លូវជាតិលេខ៣ គោលដៅ២៤ម៉ោងវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដាឌ្រីម តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាជាង១០គ្នា ជិះម៉ូតូចំនួន៥គ្រឿង ប្រដាប់ដោយដំបង ខ្សែក្រវ៉ាត់ តាមពីក្រោយ ហើយធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ ប៉ុនប៉ងយក តែមិនបានសម្រេច ស្របពេលដែលមានអ្នកដំណើរឆ្លងកាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោ ល្បាតឃើញ ស្រែកផ្អើលឆោឡោ ធ្វើឲ្យជនសង្ស័យផ្អើលរត់គេច កម្លាំងសមត្ថកិច្ចប្រដេញ ស្ទាក់ចាប់បានចំនួន៥នាក់ ម៉ូតូ២គ្រឿង ត្រង់ចំណុចគោលដៅប្រចាំការ២៤ម៉ោង ភ្លើងស្តុបវត្តស្លែង សង្កាត់ពងទឹក ចំណែកបក្ខពួកផ្សេងទៀត រួមជាមួយម៉ូតូ២គ្រឿង រត់គេចបាត់ ។

មនុស្សទាំង៥នាក់ និងម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-6497 និងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-3776 សមត្ថកិច្ច ឆែកឃើញ កាន់សុទ្ធតែខ្សែក្រវ៉ាត់ ។ តែទោះជា យុវជនទាំង៥នាក់ ឆ្លើយថាមិនដឹងរឿង ក៏ដោយ នៅកន្លែងកើតហេតុ សមត្ថកិច្ច នគរបាលខណ្ឌដង្កោ បានប្រគល់ជនទាំង៥នាក់ទៅឲ្យសមត្ថកិច្ច នគរបាលខណ្ឌកំបូលវិញ ដើម្បីបន្តសាកសួរ ទៅតាមនីតិវិធី ៕

ត្ថបទ៖តាតុង សែនជ័យ

Share.