«ពិព័រណ៍ម្ហូបអាស៊ី» គឺជាកម្មវិធីដ៏ធំមួយនៅគម្រោង Urban Village និង Factory Phnom Penh ធ្វើឡើងដើម្បីលើកកម្ពស់ដល់អាជីវករក្នុងស្រុកដែលជួបបញ្ហាវិបត្តិកូវីដ-១៩ កន្លងមក ព្រមទាំងជួយផ្សព្វផ្សាយមុខម្ហូប និងវប្បធម៌ពីបណ្តាប្រទេសនានានៅអាស៊ី ដែលធ្វើឡើងនៅថ្ងៃទី ២០និង២១ ខែសីហា ឆ្នាំ២០២២។


កម្មវិធី «ពិព័រណ៍ម្ហូបអាស៊ី» នេះ មានស្តង់ជិត១៥០ស្តង់ ដែលមាន ម្ហូប ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងស្តង់ទំនិញផ្សេងៗ។ សំរាប់ស្តង់ម្ហូប មានលក់ម្ហូបជាច្រើនប្រភេទដូចជា ម្ហូបខ្មែរ ម្ហូបកូរ៉េ ម្ហូបចិន ម្ហូបជប៉ុន ម្ហូបឥណ្ឌា ម្ហូបថៃ ម្ហូបវៀតណាម ម្ហូបម៉ាឡេស៊ី និងម្ហូបផ្សេងៗ ដែលជាមានរសជាតិឈ្ងុយឆ្ងាញ់ និងចម្រុះមុខ ដែលលោកអ្នកអាចរីករាយនឹងពិសារភេសជ្ជៈអាហារជាច្រើនសន្ធឹកសន្ធាប់។


លោកស្រី Catherine Chan ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh បានលើកឡើងថា «នេះគឺជាមោទកភាពមួយ យើងរៀបចំកម្មវិធី ពិព័រណ៍ម្ហូបអាស៊ី ដ៏ធំមួយនៅទីក្រុងភ្នំពេញ ដែលយើងចង់បង្ហាញពីភាពចម្រុះនៃសិល្បៈ វប្បធម៌របស់ប្រទេសនៅអាស៊ី ដែលសម្បូរបែប រួមទាំងយើងចង់ផ្តល់ឱកាសដល់អាជីវករក្នុងស្រុកមកបង្ហាញ និងលក់ផលិតផលរបស់គាត់ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចរបស់គាត់ ហើយក៏ជាផ្នែកទាក់ទាញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា»


ចំណែកកម្មវិធីកម្សាន្តវិញ កម្មវិធី «ពិព័រណ៍ម្ហូបអាស៊ី» មានការសម្តែងសិល្បៈដែលជាទស្សនីយភាពដ៏ល្អមើល ពីបណ្តាប្រទេសនៅអាស៊ីមួយចំនួន។ ការសម្តែងពីរបាំខ្មែរ មានដូចជា របាំកណ្តូបសេះ របាំគោះអង្រែ ល្ខោនស្បែកតូច ដែលសម្តែងដោយ សាលាសិល្បៈហ៊្វូណន បន្ថែមពីលើនេះក៏មានការច្រៀងចពី តារាចម្រៀងដែលមានប្រជាប្រិយភាព គឺលោកខាយ និងកញ្ញា ចិត្ត កញ្ចនា។ ក្រៅពីការសម្តែងរបាំសិល្បៈខ្មែរ កម្មវិធី «ពិព័រណ៍ម្ហូបអាស៊ី»ក៏មានការសម្តែង របាំជប៉ុន របាំចិន ការរាំបែបកូរ៉េK-Pop ការបង្ហាញពីសិល្បៈការព្រោះភ្លើង ការប្រកួតរាំ និងការសម្តែងផ្សេងៗដែលញ៉ាំងអោយបរិយាសកាន់តែពិសេស។


បើតាមការលើកឡើងរបស់កញ្ញា សៀង ស្រីពេជ អ្នកគ្រប់គ្រងកម្មវិធី «ពិពរណ៍នេះនឹងធ្វើឲ្យសាធារណជនបានស្គាល់នូវម្ហូបប្លែកៗពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ មិនត្រឹមតែអាហារទេ ប៉ុន្តែរួមទាំងវប្បធម៌របស់ប្រទេសនោះផងដែរ រួមទាំងមានការសម្តែងផ្សេងៗ។ កម្មវិធីនេះ ក៏អាចជួយដល់សេដ្ឋកិច្ចអាជីវករ ឲ្យមានភាពប្រសើរឡើង។ កន្លងមក កូវីដ-១៩ បានធ្វើឲ្យអាជីវកម្មជាច្រើនជួបបញ្ហា កម្មវិធីនេះ មានបំណងជួយទៅដល់អាជីវករក្នុងការលក់ ហើយយើងមានការកម្សាន្តដើម្បីទាក់ទាញឲ្យមានមនុស្សជាច្រើនមកចូលរួម។»


ពិពរណ៍នេះនឹងមានអ្នកចូលរួមជាច្រើននាក់ ក្នុងរយៈពេលទាំង 2 ថ្ងៃនៃកម្មវិធី នេះបើតាមការប៉ាន់ស្មាន់ពីភាពជោគជ័យនៃកម្មវិធីដែលធ្លាប់បានធ្វើពីមុនៗមក។ អ្នករៀបចំកម្មវិធីត្រៀមរហូតទៅដល់ចន្លោះ ១៣០ស្តង់ ដល់២០០ស្តង់ សម្រាប់អាជីវករដែលពួកគាត់ចុះឈ្មោះចូលរួមជាក្នុងកម្មវិធី ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ កម្មវិធីក៏ បានជ្រើសរើសនូវអ្នកស្ម័គ្រចិត្ត ដែលជាយុវជនកម្ពុជាជាច្រើនចូលរួមដើម្បីហ្វឹកហាត់ការងារនិងចេះអំពីរបៀបរៀបចំកម្មវិធី ដែលនេះជាផ្នែកមួយនៃការអប់រំវិធីក្នុងការធ្វើការងារ។


គួរបញ្ជាក់ថា ថ្មីៗនេះ កម្ពុជាក៏រៀបចំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅដើមខែសីហា ឆ្នាំ ២០២២ កន្លងទៅ។ ចាប់តាំងពីពេលដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ មក កម្ពុជាធ្លាប់បានធ្វើជាប្រធាន អាស៊ានចំនួន២លើករួចមកហើយ គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ហើយនៅឆ្នាំ២០២២។ ដូច្នេះកម្មវិធី «ពិព័រណ៍ម្ហូបអាស៊ី» ជាផ្នែកមួយជួយការផ្សព្វផ្សាយ សិល្បៈ វប្បធម៌ អរិយ្យធម៌ ម្ហូប ភាសា ជនជាតិ នៃបណ្តាប្រទេសនៅអាស៊ី ក៏ដូចជាប្រទេសជាសមាជិកអាស៊ានអោយកាន់តែច្រើនឡើង ហើយនឹងរំពឹងថានឹងមានកម្មវិធីបែបនេះជាច្រើនទៀត។

Share.