ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានចុះត្រួតពិនិត្យនិងវាយតម្លៃសម្រាប់ការប្រកួតកីឡាប្រណាំងម៉ូតូទឹក និងកីឡាប្រណាំងទូកក្តោង ដែលធ្វើឡើងនៅខេត្តព្រះសីហនុ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ សម្រាប់សមមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានចូលរួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
សម្រាប់កីឡាប្រណាំងម៉ូតូទឹក មាន៧ក្រុមចូលរួម ដូចជាក្រសួងមហាផ្ទៃ, រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ដែលមានសរុប៧៤រូប ក្នុងប្រតិភូ៧រូប គ្រូ៧រូប កីឡាករ២៥រូបនិងមន្រ្តីបច្ចេកទេស ៣៥រូប។
សម្រាប់សហព័ន្ធមួយនេះដាក់ផែនការដណ្តើមមេដាយមាស ២គ្រឿងយ៉ាងតិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខាងមុខ។ សហព័ន្ធមិនហ៊ានកំណត់លើសនឹងទេ ព្រោះប្រទេសដទៃក៏គេរៀបចំបានល្អដែរ។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃការប្រកួតគឺកម្ពុជា មានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតជាបន្តបន្ទាប់ បើទោះជាមិនធ្លាប់រៀបចំស៊ីហ្គេមក៏ដោយ សហព័ន្ធនៅតែនឹងប្រឹងប្រែងឱ្យបានល្អ។
ចំណែកព្រឹត្តិការណ៍កីឡាជាតិ សហព័ន្ធបានដាក់គោលដៅសម្លឹងមើលនិងធ្វើតេស្តកីឡាករល្អៗ ដើម្បីយកទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ខណៈទីលាននៃការប្រកួតធ្វើឡើងនៅឆ្នេរសុខា ក្នុងខេត្តព្រះសីហនុ លើទំហំផ្ទៃទឹក ៤០០ម៉ែត្រ និងជម្រៅ ៥០០ម៉ែត្រ។ ចំណែកថ្ងៃប្រកួតពីថ្ងៃទី២៤ ដល់២៨ ខែវិច្ឆិកា។ ទន្ទឹមនឹងគ្នានេះដែរសហព័ន្ធមានការបារម្ភខ្លះៗពីទីលាន គឺផ្ទៃទឹក ដែលរៀបចំពីដើមទីដល់ចុងទី ខ្សែរត់ ពោង ព្រោះថាអ្វីៗប្រែប្រួលតាមការប្រកួតនីមួយៗ ទាំងលើគោកក៏ត្រូវរៀបចំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីក្រែនរំលឹកដល់សហព័ន្ធសម្រាប់អនុវត្តន៍ទាំងក្នុងកីឡាជាតិនិងកីឡាស៊ីហ្គេម២០២៣ ខាង ថា ទី១ រៀបចំអោយត្រូវស្តង់ដារស៊ីហ្គេម ២០២៣ ដើម្បីកីឡាករ គ្រូបង្វឹក គណៈកម្មការ បានទំលាប់ខ្លួន។ ទី២) សិក្សាពីបញ្ហាគ្រោះថ្នាក់នានា ព្រោះប្រកួតលើទឹក និងសិក្សាពីទីតាំងពេទ្យសម្រាប់សង្រ្គោះ។ ទី៣) សិក្សាពីអាជ្ញាកណ្តាល អោយដឹកនាំការប្រកួតត្រូវតាមបច្ចេកទេសអន្តរជាតិ និងយុត្តិធម៌។ ទី៤) បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺស្នើឱ្យមានការសហការជាមួយថ្នាក់ខេត្ត ដើម្បីសុវត្ថិភាពពេលប្រកួតទាំងលើគោកនិងផ្ទៃទឹក។ ទី៥) ត្រូវរៀបចំទទួលប្រតិភូតាមក្រុមនីមួយៗ អោយបាននិងផែនការច្បាស់លាស់។ ទី៦) មិនត្រូវប្រហែសនោះទេ បើទោះជាមានភាគរយនៃការទទួលមេដាយក៏ពិតមែន។
ចំណែកកីឡាទូកក្តោងវិញ គ្រោងរៀបចំនៅឆ្នេររាម ស្របពេលដែលមាន៥ក្រុមចូលរួមប្រកួតប្រជែងមានកោះកុង,ព្រះសីហនុ,កែប, ក្រសួងមហាផ្ទៃ,កំពត ដោយប្រកួតចាប់ពីថ្ងៃទី ២៦ ដល់២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លើប្រភេទប្រកួត៤វិញ្ញាសា។ តាមគ្រោងរបស់សហព័ន្ធ ការប្រកួតជាតិលើកទី៣ នឹងធ្វើឡើងនៅឆ្នេរសមុទ្ររាម តែសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ គ្រោងធ្វើនៅឆ្នេរសុខាវិញ។
ជាមួយគ្នានេះដែរឯកឧត្តម ស សុខា បានវាយតម្លៃ និងលើកផ្តល់អនុសាសន៍សម្រាប់កែតម្រូវមួយចំនួនដូចជា ទី១ សហព័ន្ធត្រូវសិក្សាលើវិញ្ញាសា ដែលកម្ពុជា មានសក្ដានុពល ព្រមទាំងមានលទ្ធភាពដែលកម្ពុជា អាចដណ្តើមមេដាយបាន ឬ អាចរៀបចំការប្រកួតបាន ព្រោះពាក់ព័ន្ធនឹងការចំណាយផ្សេងៗ ហើយពេលខ្លះកីឡាករកម្ពុជា មានកម្រិតមិនដល់វិញ្ញាសាណាមួយនោះនឹងចាញ់ប្រៀបគេ ឬ កីឡាករបរទេសណាមួយមិនអាចចូលរួមបាន យើងដាក់ច្រើនតែវិញ្ញាសា តែការចូលរួមអត់មាន ទៅជារឿងមិនល្អវិញ។ ទី២) ចំណែកទីតាំងនៃការរៀបចំនៅរាម គឺមិនមានបញ្ហា ទេ តែសូមសម្រេចចិត្តអោយបានច្បាស់លាស់ បើកីឡាជាតិ ធ្វើនៅឆ្នេររាម គឺធ្វើស៊ីហ្គេមនៅ រាមដែរ បើកីឡាករជាតិធ្វើនៅឆ្នេរសុខា នោះស៊ីហ្គេម គួរធ្វើនៅទីនោះដូចគ្នា បើរៀបចំកីឡាជាតិនៅទីណា ស៊ីហ្គេម ធ្វើនៅទីនោះដែរ ព្រោះថាជាការសម ឬ អោយកីឡាករ សាំនិងទីលាន។ ទី៣) សហព័ន្ធត្រូវបណ្តុះបណ្តាលអាជ្ញាកណ្ដាល អោយបានគ្រប់ចំនួន និងកាត់សេចក្តីបានយុត្តិធម៌។ ទី៥) សហព័ន្ធត្រូវធ្វើការសហការជាមួយកីឡាប្រណាំងម៉ូតូទឹក ទាំងពីរបៀបរបបនៃការរៀបចំការប្រកួត ផ្លាស់ប្តរព័ត៌មានរវាងគ្នានិងគ្នា ព្រោះធ្វើខុសទីតាំងគ្នា។ ទី៦) សហព័ន្ធត្រូវគិតគូពីបញ្ហាបរិស្ថាន ព្រោះជាការរៀបចំលើឆ្នេរ លើទឹក មានបញ្ហា ឬ មានការរិះគន់ ណាមួយត្រូវត្រៀមការឆ្លើយតបពន្យល់ឱ្យបានច្បាស់ ជៀសវាងមានការរិះគន់ វាយប្រហារ មិនល្អលើការរៀបចំ ឬ ប៉ះពាល់កេរ្តិ៍ឈ្មោះដល់កម្ពុជាយើង៕