គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានដាក់ពិន័យលើកីឡាការិនី Sanja Djurdjevic របស់ក្រុមជម្រើសជាតិសែប៊ី ដែលបានរំលោភបំពានដោយប្រើកាយវិការមិនសមរម្យ (ធ្វើភ្នែកតឹងបែបអាស៊ី) នៅក្នុងពេលប្រកួតបាល់ទះពានរង្វាន់ 2021 FIVB Volleyball Women’s Nations League កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រវាងក្រុមនារីរបស់សែប៊ី ជាមួយក្រុមនារីរបស់ថៃ។
បើតាមគេហទំព័រសហព័ន្ធកីឡាបាល់ទះអន្តរជាតិ FIVB បានបញ្ជាក់ថាកីឡាការិនី Sanja Djurdjevic ត្រូវពិន័យមិនឱ្យចូលប្រកួតចំនួន២ប្រកួតបន្ទាប់ ដែលក្រុមខ្លួនជួបប៊ែលហ្សិក និងកាណាដា ក្នុងពានរង្វាន់ 2021 FIVB Volleyball Women’s Nations League។ ក្រៅពីនោះសហព័ន្ធកីឡាបាល់ទះសែប៊ី ត្រូវពិន័យជាទឹកប្រាក់ ២០,០០០ CHF (ប្រាក់របស់ស្វីស) ឬ ប្រមាណ ២២,៣២០ ដុល្លារអាមេរិក (ហាងឆេង 1CHF= 0.89$)។ ប្រាក់នេះបង្វិលទៅជួយលើការអភិវឌ្ឍន៍បាល់ទះដែលមានឈ្មោះថា Global Volleyball Family។
អត្ថបទពាក់ព័ន្ធ៖Nations League៖បាល់ទះនារីអាមេរិក បន្តជ័យជម្នះ៩លើកជាប់គ្នា ខណៈថៃ នៅតែបរាជ័យរហូត
សូមបញ្ជាក់ថាការប្រកួតពានរង្វាន់ 2021 FIVB Volleyball Women’s Nations League កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រុមស៊ែប៊ី បានយកឈ្នះលើក្រុមថៃ ដោយលទ្ធផល៣សិតទល់០ (២៥-១៩,២៥-២៣,២៥-២៣) នៅទីក្រុង Rimini ប្រទេសអ៊ីតាលី។
FIVB បានបញ្ជាក់ថាខ្លួនមានឆន្ទៈក្នុងការជំរុញសាមគ្គីភាពជាសកលនិងប្រឆាំនឹងឥរិយាបថនៃការរើសអើងទាំងអស់ ខណៈក្រោយកើតហេតុបែបនេះកីឡាការិនី Sanja Djurdjevic បានធ្វើការសុំទោសទៅខាងក្រុមថៃ ផងដែរ៕