លោក Zoran Gaji ប្រធានសហព័ន្ធបាល់ទះនៃប្រទេសស៊ែប៊ី ក្នុងទ្វីបអឺរ៉ុប ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងកីឡា ស៊ែប៊ី ខណៈបុរសមានវ័យ ៦៣ឆ្នាំរូបនេះធ្លាប់មានថ្វីដៃដ៏ល្បីលើការដឹកនាំក្រុមកីឡាបាល់ទះ ទាំងឈុតបុរស និងនារី លើឆាកអន្តរជាតិនានា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ inside។
សម្រាប់លោក Zoran Gaji បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទះប្រទេសស៊ែប៊ី តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយលោកជាអតីតគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិបុរសរបស់នៃប្រទេសយូហ្គោស្លាវី ទៀតផង។ អ្វីដែរជាចំណុចលេចធ្លោរបស់លោកនោះគឺ ធ្លាប់បានដឹកនាំក្រុមបាល់ទះនៃប្រទេសយូហ្គោស្លាវី ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០០០ នៅប្រទេសអូស្រ្តាលី ហើយនៅឆ្នាំបន្ទាប់លោកដឹកនាំក្រុមបាល់ទះបុរសជម្រើសជាតិឆេក ឈ្នះជើងឯកទ្វីបអឺរ៉ុប ផងដែរ។
លោក Gaji ធ្លាប់កាន់តួនាទីជាគ្រូបង្វឹកជម្រើសជាតិរុស្ស៊ី ក្នុងចន្លោះឆ្នាំ២០០៥ និង២០០៨ កាលនោះធ្លាប់ឈ្នះជើងឯករងជើងឯកនៅទ្វីបអឺរ៉ុបក្នុងឆ្នាំ២០០៥ ក្នុងប្រទេសអ៊ីតាលី។ យ៉ាងណាក្តីចាប់តាំងពីលោកបានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទះស៊ែប៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ មក ក្រុមបាល់ទះនារីរបស់ប្រទេសស៊ែប៊ី ឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ និងឈ្នះមេដាយមាសជើងឯកពិភពលោក World Championship នៅឆ្នាំ២០១៨ និង២០២២ ព្រមទាំងក្រុមបាល់ទះបុរស និងនារីទាំងពីរឈុត គ្រងតំណែងជើងឯកពានរង្វាន់ទ្វី អឺរ៉ុបក្នុងឆ្នាំ២០១៩ ទៀតផង។
នៅក្នុងលទ្ធផលនៃការបោះឆ្នោតជាតិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ លោក Aleksandar Vučić ជាប់ឈ្មោះជាប្រធានាធិបតីនៃប្រទេសស៊ែប៊ី ហើយលោកស្រី Ana Brnabić ជាប់ឈ្មោះជានាយករដ្ឋមន្រ្តី ខណៈ២៥ក្រសួង អមគណៈរដ្ឋមន្រ្តី ក៏បានតែងតាំងរួចរាល់ហើយដែរ ស្របពេលលោក Zoran Gajić ជាប់ឈ្មោះជារដ្ឋមន្រ្តីក្រសួងកីឡា មកពីគណបក្ស independent៕
ប្រែសម្រួល៖ សុន ភានុ