សិល្បៈ​ជាតិ​៖ ​កម្មវិធី​ប្រកួត​សម្រស់​កម្រិត​ពិភពលោក​ Miss Supranational International នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​សន្សំ​ពិន្ទុ ​ពី​វគ្គ​មួយ​ទៅវគ្គ​មួយ ​រហូត​ដល់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ហើយ​។ ស្រប​ពេល​ដែល​មើល​ឃើញ​បេក្ខភាព​ពី​ទ្វីប​អាស៊ី​មួយ​ចំនួន​បាន​ហោះ​ទៅដល់​ទីតាំង​ប្រកួត​ទៅហើយ តែ​បេក្ខភាព​កម្ពុជា​នៅ​មិន​ទាន់​ឃើញ​មាន​តម្រុយ​ណាមួយ​ឱ្យ​ពិតប្រាកដ​នៅ​ឡើយ​។

ខណៈដែល​បេក្ខភាព​មាន​ដូច​ជា​ មីយ៉ាន់ម៉ា (Dee Msw) ជប៉ុន (Yana Sonoda) ម៉ាឡេស៊ី (Andreana Celly) ឥណ្ឌូណេស៊ូ (Harashta Zahra) ឡាវ (Christina Las) និង ឥណ្ឌា (Sonal Kukreja) បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​ប៉ូឡូញ​ដោយ​សុវត្ថិភាព​ តាំង​ពី​ថ្ងៃ​ទៅ១៦ ដើម្បី​ត្រៀមខ្លួន​ចូលប្រកួត ងាកមក​បេក្ខភាព​ដ៏លេចធ្លោរបស់​កម្ពុជា​ដែល​បាន​ប្រកួត​ឈ្នះ​ការ​ប្រកួត​ Miss Influencer Opportunity នៃ​កម្មវិធី​នេះ​ នៅ​ចែក​រំលែក​សកម្មភាព​ថត​ភាពយន្ត​ដែល​ខ្លួន​សម្ដែង​ជា​តួ​ឯក​ស្រី​នៅ​ឡើយ​។

យ៉ាងណា​មិញ​ក៏​មាន​ដំណឹង​ខ្សឹបខ្សៀវខ្លះ​ៗ​ធ្លាប់​លេចឭ​ពី​ប្រភព​ខាង​ក្នុង​ចេញ​មក​ដែរថា​ បេក្ខភាព​តំណាង​កម្ពុជា​ កញ្ញា ឈុំ​ ចាន់ដារ៉ា នៅ​មិន​ទាន់​បាន​ទទួល​វីសា​នៅ​ឡើយ​ ខណៈដែល​អ្នក​គាំទ្រ​បាន​ព្យាយាម​សួរ​ពី​រឿង​វីសា​នេះ​ដែរ តែ​មិន​ឃើញ​មាន​ការ​ឆ្លើយតប ឬ​ស្រាយចម្ងល់​ឱ្យ​អ្នក​គាំទ្រ​បាត់​មន្ទិលសង្ស័យ​នោះ​ឡើយ​។

បើ​ទោះជា​បាន​ទទួល​វីសា ក៏​កញ្ញា​ត្រូវ​ចេញ​ទៅ​ប្រកួត​ក្រោយ​គេ ដូច្នេះ​កញ្ញា​នឹង​បាត់បង់​ពិន្ទុ ព្រោះ​គណៈកម្មការ​នឹង​កាត់​ពិន្ទុ​ បេក្ខភាព​ដែល​ចូលរួម​ប្រកួត​យឺតយ៉ាវ ព្រោះ​កម្មវិធី​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១៧​នេះ​ទៅហើយ​។

ត្បិត​មាន​ការ​បង្ហោះ​អបអរសាទរ​កញ្ញា​ របស់​ផេក Miss Supranational Cambodia ប៉ុន្តែ​គេ​នៅ​មិ​ន​ទាន់​ឃើញ​មាន​ការ​បង្ហោះ​ជាក់លាក់ណាមួយ​និយាយ​ពី​ កាលបរិច្ឆេទ​នៃ​ការ​ចេញ​ទៅ​ប្រកួត​របស់​បេក្ខភាព​រូប​នេះ​នៅ​ឡើយ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្មវិធី​ប្រកួត​សម្ដែង​ការ​ព្រួយ​បារម្ភ ជា​ខ្លាំង ចំពោះ​ជោគវាសនា​របស់​បវរកញ្ញា​កម្ពុជា​ តើ​​បាន​ចេញ​ទៅ​ប្រកួត​ដូច​ចិត្ត​ប៉ងដែរឬទេ?

Share.