ក្រុមជម្រើសជាតិព័រទុយហ្កាល់ ម្ចាស់ជើងឯក UEFA Euro 2016 ត្រៀមជួបជាមួយសាធារណរដ្ឋ​ឆែក នៅកីឡដ្ឋាន Red Bull Arena (Leipzig) យប់ថ្ងៃទី១៨ ឈានចូលព្រឹកថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ២:០០រំលងអាធ្រាត្រ នៃព្រឹត្តិការណ៍ Euro 2024 ពូល F។

ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ៣៩ឆ្នាំ ត្រៀមបំបែកកំណត់ត្រាថ្មីនៅព្រឹត្តិការណ៍ UEFA Euro ដោយក្លាយជាដំបូងគេដែលអាចបង្ហាញខ្លួន ៦ព្រឹត្តិការណ៍ផ្សេងគ្នានៅ Euro ពោលគឺឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០ និង ២០២៤។

ស្របពេលរាត្រីនេះមានចំនួន២គូថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖

  • ម៉ោង ១១:០០យប់ ទួរគី ប៉ះ ហ្សកហ្ស៊ី នៅកីឡដ្ឋាន Westfalenstadion
  • ម៉ោង ២:០០រំលងអាធ្រាត្រ ព័រទុយហ្កាល់ ប៉ះ សាធារណរដ្ឋ​ឆែក នៅកីឡដ្ឋាន Red Bull Arena (Leipzig)។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.