សេចក្ដីថ្លែងការណ៍មួយនៅក្នុងទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង កាលពីថ្ងៃ អាទិត្យ ទី ២០ ខែ វិច្ឆិកា បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការថ្កោលទោសរបស់លោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិ ជុំវិញការធ្វើតេស្ដមីស៊ីលផ្លោងអន្តរទ្វីប និង ចោទថាប្រមុខ UN រូបនេះលម្អៀងទៅខាងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោកស្រី Choe Son Hui រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានឆ្លើយតបដោយសម្ដែង «ការសោកស្ដាយយ៉ាងខ្លាំងចំពោះការពិតដែលថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មានអាកប្បកិរិយាគួរឲ្យស្អប់ខ្ពើម»។

លោកស្រី Choe បានបន្តថា «កាលពីពេលថ្មីៗនេះ យើងបានព្រមានឲ្យអគ្គលេខាធិការ UN ពិចារណាលើបញ្ហាតំបន់ឧបទ្វីបកូរ៉េឈរលើគោលការណ៍យុត្តិធម៌ និង មិនលម្អៀង តែផ្ទុយទៅវិញ អគ្គលេខាធិការ UN បែរជាទម្លាក់កំហុសគ្រប់យ៉ាងមកលើកូរ៉េខាងជើងជាជាងសហរដ្ឋអាមេរិកទៅវិញ មិនតែប៉ុណ្ណោះ លោកស្រី Choe ថែមទាំងបានហៅលោក Guterres ថាជា អាយ៉ងរបស់សហរដ្ឋអាមេរិកទៀតផង»។

សូមជម្រាបថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបកាលពីថ្ងៃ សុក្រ សប្ដាហ៍មុន នៅក្នុងការសាកល្បងដ៏មានឥទ្ធិពលបំផុតមួយរបស់ខ្លួន ដែលជំរុញឲ្យលោក Guterres ទទូចឲ្យទីក្រុង ព្យុងយ៉ាង បញ្ឈប់សកម្មភាពបង្កហេតុបន្ថែមទៀត៕

ប្រភព៖ CNA

Share.