កណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ស្រាវជ្រាវ​ចាប់ខ្លួនបាន កាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណែកបក្ខពួកម្នាក់ទៀតកម្លាំងជំនាញកំពុងតាមចាប់បន្ត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងឌុបកូនស្រីធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យដួលហើយត្រូវបានរថយន្តធុនធំកិនចំកូនស្រីស្លាប់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមផ្លូវជាតិ២១ ចំណុចភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ២នាក់ម្តាយកូនរួមមាន ៖ ម្តាយឈ្មោះ សុឹម រស្មី អាយុ៣២ឆ្នាំ ចំណែកកូនស្រី ស្លាប់ភ្លាមៗនៅកន្លែង ឈ្មោះ រឿន អារីកា អាយុ០៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ សុខខឿន ស៊ីផាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបន្តទៀតថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម ឌយបកូនស្រី ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុក៏មានរថយន្តធុនធំ ចំណុះ៥តោន ដឹកទំនិញបើកស្របទិសទៅដល់ទន្ទឹមដែរ ស្រាប់តែជនសង្ស័យគ្នា២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-6159 ជិះតាមទៅពីក្រោយ ដល់ទន្ទឹមនឹងម៉ូតូរបស់ជនរងគ្រោះ ក៏ធ្វើសកម្មភាពឆក់ទាញយកាបូប បានសម្រេច ជនរងគ្រោះដួលម៉ូតូ ខ្ទាតកូនស្រីចូលរថយន្ត កិនស្លាប់ភ្លាមៗនៅកន្លែង រីឯម្តាយរងរបួសស្រាល រថយន្តបើកបន្តទៅបាត់ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្តិភាព ស្គាល់ភិនភាគ ស្លាកលេខម៉ូតូ ទីបំផុតកម្លាំងជំនាញតាមចាប់ខ្លួនបានម្នាក់ ដល់ផ្ទះតែម្តង និងបន្តតាមចាប់បក្ខពួកម្នាក់ទៀត ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖តាតុង សែនជ័យ

Share.